(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ នាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដល់ជូនគ្រួសារក្រីក្រ ចំនួន៥០៤គ្រួសារ មកពី១៤ភូមិក្នុងឃុំប្រឡាយ ស្រុកស្ទោង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោក ព្រឹម រដ្ឋា បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិទាំងមូល មានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលបានជួយរំដោះប្រជាជនកម្ពុជាឲ្យរួចពីរបបវាលពិឃាត បានរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។

លោកបានបន្តថា ជាក់ស្ដែងដូចជាថ្ងៃនេះ រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ចខេត្ត ក៏ដូចជាក្រុមការងារចុះជួយឃុំប្រឡាយ បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាពខ្វះខាតទោះ អំណោយនេះជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ កន្លងមកតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល និងប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺមិនឲ្យទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយសារការអត់អាហារនោះទេ។ ទាំងនេះបានស្តែងចេញឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំភ្លេចត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យបានគ្រប់ៗគ្នា ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើយ៉ាងណាសម្របសម្រួលដល់ប្រជាពលរដ្ឋនូវឯកសារពាក់ព័ន្ធនានា ឲ្យគ្រប់លក្ខន្តិកៈ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារក្រីក្រនេះ មួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ និងភួយ១៕