(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបន្ដជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ក្រុមហ៊ុន សុហ្សេន (ខេមបូឌា) អ៊ីនដាសស្រ្ទៀល ឯ.ក ប្រមាណជាង៦០០នាក់ ក្នុងក្រុងសួង និងកម្មករនិយោជិតក្រុមហ៊ុន អាន ម៉ាឌី គ្រុប ចំការកៅស៊ូពាមជាំង ប្រមាណជាង៧០០នាក់ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ខេត្ត បានអានរបាយការណ៍ និងបានលើកឡើងថា សម្រាប់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ឃើញថាខេត្តត្បូងឃ្មុំទាំងមូល កំពុងទទួលបាននូវការរីកចម្រើនឥតឈប់ឈរទាំងវិស័យសង្គម សេដ្ឋកិច្ច ដែលតាមរយៈនេះយើងសង្កេតឃើញ មានវិនិយោគិនថ្មីៗ មកសិក្សា និងបណ្តាក់ទុនជាបន្តបន្ទាប់ អាចបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលក្នុងខេត្ត។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការីនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុននានានៅទូទាំងខេត្ត និងក៏ដើម្បីរដ្ឋបាលខេត្ត មានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករ កម្មការិនីផងដែរ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថាការបន្តចុះជួបដោយផ្ទាល់នេះ គឺស្របនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តេចបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រ ជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់ ទាំងកម្មករនិយោជិត និងទាំងម្ចាស់រោងចក្រ ដោយបានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់រាល់បញ្ហាប្រឈមនានា ដែលកើតមានឡើង។
រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង គិតគូរផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិត មានដូចជាការឧបត្ថម្ភជូនកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ និងដេរស្បែកជើង និងវិស័យទេសចរណ៍ ដែលបានព្យួរកិច្ចសន្យាការងារគំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩, កម្មករនិយោជិតដែលបានចុះបញ្ជីនៅពេលឡានជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងទទួលបានសេវាថែទាំសុខភាព និងហានិភ័យការងារ និងការចរចាដំឡើងប្រាក់ឈ្នួលប៉ប៉រមាជារៀងរាល់ឆ្នាំជាដើម។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្ដល់អត្ថប្រយោជន៍បន្ថែម លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់កម្មការិនីមានផ្ទៃពោះរហូតកុមារមានអាយុ២ឆ្នាំ ដែលត្រូវអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣នេះតទៅ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់កម្មករនិយោជិត សូមរួមគ្នាថែរក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ សហគ្រាស ក្រុមហ៊ុន គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។ ដូច្នេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាព្រឹត្តិការណ៍ជាតិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដើម្បីរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានផ្ដល់ជូនថវិកាក្នុងម្នាក់ៗ១ម៉ឺនរៀល ក្រមាម្នាក់១ ចំពោះស្រ្តីមានផ្ទៃពោះ ជូនថវិកាក្នុងម្នាក់១០ម៉ឺនរៀល និងក្រមាម្នាក់១ផងដែរ៕