(ព្រៃវែង)៖ សមិទ្ធផលថ្មីបន្ថែមទៀតនៅក្នុងវត្តទួលសង្កែ និងសមិទ្ធផលនានាក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងដែលសមិទ្ធផលទាំងនោះរួមមាន៖ ព្រះវិហារ កុដ្ឋថ្ម អគារសិក្សា ផ្លូវកៅស៊ូ បេតុង ផ្លូវក្រាល ក្រួសក្រហម និងសមិទ្ធផលនានាមួយចំនួនទៀតត្រូវបានកកើតឡើងជាបន្តបន្ទាប់។
ជាក់ស្ដែងនាឱកាសនោះព្រះវិហារ១ខ្នង កុដ្ឋថ្ម១ខ្នង អគារសិក្សា នៃសាលាបឋមសិក្សាធ្លក និងសមិទ្ធផលនានាមួយចំនួនទៀត ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងលោកជំទាវ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្តរួមទាំងលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ គ្រូពេទ្យលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស សរុបប្រមាណជាង ១ពាន់នាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក វង សូត បានលើកឡើងថាសមិទ្ធផលនានា និងហេដ្ឋារចនាសម្ព័ន្ធដែលបាន កកើតនិងកំពុងកើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ជាក់ស្ដែង នៅក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក៏ដូចជានៅទូទាំងប្រទេសផងដែរ។
រដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃ រដ្ឋសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមខនេះ។ដោយឡែកទាក់ទងនឹង ច្បាប់ថ្មីនេះជនណាឬបុគ្គលណាជាតំណាងគណបក្សនយោបាយ «បើអត់បានបោះឆ្នោតសកលចុងក្រោយ នោះទេ នឹងមិនមានឈរឈ្មោះឱ្យគេបោះឆ្នោតបានឡើយ» ហើយជនណាឬបុគ្គលណាដែលមានបំណង រំខាននិងរារាំងបំផុសបំផុលមិនឱ្យគេទៅបោះឆ្នោត និងបង្កចលាចលនៅកន្លែងបោះឆ្នោតនឹងត្រូវពិន័យ ជាប្រាក់ជាច្រើនលានរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រី ក៏បានអំពាវនាវឱ្យបងប្អូនបក្សដទៃមានបក្ស ភ្លើងទៀន ជាដើម បើបក្សបងប្អូនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនដឹងទៅបោះឆ្នោតឱ្យអ្នកណា គឺគណបក្សប្រជាជន នឹងទទួលយកជានិច្ចដោយគណបក្សប្រជាជនមិនដែលប្រកាន់ខឹងអ្វីឡើយ ព្រោះបងប្អូនបក្សដទៃគឺសុទ្ធ តែជាបងប្អូនយើងនៅក្នុងភូមិឃុំយើងទេដូច្នេះ មានតែបងប្អូនគណបក្សប្រជាជនយើង នេះហើយដែលនៅ កៀកកិតនឹង ភូមិផងរបងជាមួយ។
ជាក់ស្តែងមានតែ គណបក្សប្រជាជនកម្ពុជានោះទេដែលបាន ជួយ អភិវឌ្ឍក្នុងមូលដ្ឋានរបស់យើងឱ្យបានរីកចម្រើនដូចសព្វថ្ងៃនេះ។ ហើយដោយឡែកមានជនអគតិមួយ ចំនួនរបស់គណបក្សប្រឆាំងដែលមិនបានជួយអ្វីសោះ ហើយថែមទាំងបានបំផុសបំផុលញុះញង់ឱ្យបងប្អូន ប្រជាពលរដ្ឋយើងងាកមកស្អប់ និងប្រឆាំងមកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ទាំងដែលការពិតប្រជាពលរដ្ឋគ្រប់រូបបានដឹងច្បាស់ថា សម្តេចតេជោនាយករដ្ឋមន្ដ្រី បានធ្វើអ្វីៗ ទាំងអស់ដើម្បីប្រជាជននិងប្រទេសជាតិ។
ជាថ្មីម្តងទៀត រដ្ឋមន្ដ្រី ក៏បានសង្ឃឹមយ៉ាងមុតមាំថាគណបក្សប្រជាជនកម្ពុជាយើងនឹងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋកាន់តែច្រើនលើសលុបថែមទៀត។ ទន្ទឹមនោះ ឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត សម្រាប់គូសនិងបោះឆ្នោត។
សូមជម្រាបថា សមិទ្ធផលនានាដែលកើតនិងកំពុងកើតឡើងនៅក្នុងឃុំជាចនេះគឺកើតឡើងពីការឧបត្ថម្ភគាំទ្រពី ឯកឧត្តម វង សូត រដ្ឋមន្ដ្រី និងលោកជំទាវ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សប្បុរសជនជិតឆ្ងាយ និងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តថែមទៀតផង។
ក្នុងឱកាសនោះសម្រាប់ការឧបត្ថម្ភគាំទ្រពី លោក វង សូត និងលោកស្រី រួមមាន៖ សាងសង់អាគារសិក្សា១ខ្នង ៥បន្ទប់ ជួសជុលអគារ១ខ្នង ៥បន្ទប់ ដោយចំណាយថវិកាសរុប ជាង៦ម៉ឺនដុល្លារអាមេរិក ចូលរួមបច្ច័យកសាងចំនួន១០ លានរៀល ជូនសាលាបឋមសិក្សាធ្លក ២ លានរៀល ជូនសាលា ហេង សំរិន ទន្លេស្ងួត ៣ លានរៀល និងកុំព្យូទ័រ៤ឈុត ជូនសាលារៀនចំនួន៤ក្នុងឃុំជាចផងដែរ។ ហើយដោយឡែកអ្នកចូលរួមក្នុងអង្គពិធីមាន លោកតា លោកយាយទទួលបានក្រណាត់ស១ដុំ និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋន និងសិស្សានុសិស្ស៕