(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំដំណើរទស្សកិច្ចសិក្សាប្រចាំឆ្នាំមួយ ទៅកាន់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលមានបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលរួមចំនួន១៧០នាក់ ដឹកនាំដោយលោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ ថ្នាក់ឆ្នំាសិក្សាមូលដ្ឋាន និងជាប្រធានផ្នែកចុះកម្មសិក្សា និងស្វែងរកការងារ តំណាងលោកបណ្ឌិត ជា សុភា សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោក សួស សោភា បានឲ្យដឹងថា ការធ្វើទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០១៦ ទៅកាន់ខេត្តព្រះវិហារ និងសៀមរាប នៅថ្ងៃទី២២ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ បានអនុវត្តតាមផែនយុទ្ធសាស្រ្ត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែរៀបចំដំណើរទស្សនកិច្ចសិក្សាបែបនេះជារៀងរាល់ឆ្នាំ ក្នុងគោលបំណងឱ្យនិស្សិតទាំងអស់មាន ឱកាសក្នុងការចូលរួមក្នុងសកម្មភាពបន្ថែមលើការសិក្សា ហ្វឹកហាត់ការងារ ជួយសហគមន៍ និងសកម្មភាពជួយសង្គមផ្សេងៗ ដូចជាការអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តព្រះវិហារនិងខេត្តសៀមរាប និងការងារសង្គម ដែលគណៈប្រតិភូយើងបានផ្តល់នូវគ្រឿងឧបភោគបរិភោគ មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ នំ ភេសជ្ជៈ និងថវិកាមួយ ចំនួនជូនដល់កងទ័ព ដែលកំពុងឈរជើងនៅចំណុច៥មករា ទិសប្រាសាទព្រះវិហារ និងការចូលរួមសំអាតបរិស្ថានផងដែរ។
លោកបន្ដថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតទាំងអស់ បានចុះសិក្សាស្វែងយល់ នៅតាមរមណីយដ្ឋានជាច្រើនដូចជា ខេត្តព្រះវិហារ ចំការកៅស៊ូ ចំការម្រេច ចំការអំពៅ ទឹកធ្លាក់សុភក្តិមិត្ត ព្រំប្រទល់ឡាវ រមណីយដ្ឋានប្រាសាទព្រះវិហារ សារមន្ទីរសកលធម្មជាតិសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ជួបជាមួយបងៗកងទ័ព ដែលឈរជើងលើកំពូលប្រាសាទព្រះវិហារ និង ទីរួមខេត្តព្រះវិហារ ចំណែកនៅខេត្តសៀមរាប យើងក៏បានទស្សនាផ្សាររាត្រី Pub Street ប្រាសាទបាយ័ន ប្រាសាទអង្គរធំ ប្រាសាទអង្គរតូច Artisans Angkorជាដើម។
ពិសេស នៅតាមគោលដៅ ទស្សនកិច្ចនិមួយៗ ក្រុមនិស្សិតទាំងអស់ ក៏បានខិតខំសិក្សាស្វែងយល់ពីដំណើរការនៃការរៀបចំ និងការគ្រប់គ្រង និងជួបសម្ភាសន៍ ជាមួយ អ្នកគ្រប់គ្រងតាមរមណីយដ្ឋាន និងជាមួយបងៗកងទ័ពមួយចំនួនផងដែរ ជាពិសេស និស្សិតដែលសិក្សាផ្នែកទេសចរណ៍ បានសិក្សាស្វែងយល់ ដោយផ្ទាល់ រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ របៀបរៀបចំខ្សែទស្សនកិច្ច ការគ្រប់គ្រងកម្មវិធី ដំណើរកំសាន្តរបៀបរៀបចំ ការបែងចែក កញ្ចប់សេវាកម្ម និងការស្វែងយល់ពីការហូបចុកស្នាក់នៅរបស់បងៗ កងទ័ពដែលកំពុងឈរជើងនៅតំបន់នោះ។
កញ្ញា ងួន ហេង និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឯកទេស គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍បានសំដែងនូវចំណាប់អារម្មណ៍របស់ខ្លួនថា ចំពោះដំណើរទស្សនកិច្ចសិក្សា នៅខេត្តព្រះវិហារនិងខេត្តសៀមរាបដំណើរទស្សនកិច្ចសិក្សានេះពិតបានទទួលនូវបទពិសោធន៍ជាច្រើន ក្នុងការរៀបចំខ្សែទស្សនកិច្ចសិក្សា ក្នុងនោះរួមមានការស្នាក់នៅ ការហូបចុក និងការគ្រប់គ្រង។
កញ្ញា ចាន់ ចរិយា និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឯកទេសទំនាក់ទំនងអន្តរជាតិ បានសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួនចំពោះដំណើរទស្សនកិច្ចសិក្សានេះថា ដំណើរ ទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់បទពិសោធន៍ ចំណេះដឹង ការសិក្សា ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អេកូទេសចរណ៍តាមបណ្តារខេត្តទាំងពីរ សង្វាក់ផលិតកម្ម និងធ្វើឲ្យនិស្សិតរបស់យើងកាន់តែស្រលាញ់នូវវប្បធម៌ធម្មជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនិស្សិតរូបនេះ ក៏បានសំណែងអំណរគុណ ចំពោះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងដៃគូរសហការណ៍ទាំងអស់ដែលបានរៀបចំនូវកម្មវិធីនេះឡើង សម្រាប់ផ្តល់ឱកាសដស់និស្សិតទទួលបាននូវបទពិសោធន៍ជាក់ស្តែង តាមរយៈទស្សនកិច្ចសិក្សានេះ។កញ្ញាក៏បានផ្តាំផ្ញើដល់និស្សិតគ្រប់រូបឲ្យខំសិក្សាបន្ថែមទៀត ពីព្រោះឧកាសទៅទស្សនកិច្ចសិក្សានេះ និងមានជារៀងរាល់ឆ្នាំ៕