(សៀមរាប)៖ អង្គការទំពាំងស្នងឬស្សី គឺជាអង្គការមួយដែលតែងតែគិតគូរពីបរិស្ថាននៅក្នុងខេត្តសៀមរាប និងតំបន់ទេសចរណ៍ជុំវិញបឹងទន្លេសាប បានរៀបចំព្រិត្តិការណ៍បរិស្ថានជារៀងរាល់ឆ្នាំនៅរដូវទឹកស្រក និងទឹកឡើង នៅជុំវិញបឹងទន្លេសាទ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ អង្គការ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធីចែកអំណោយ លិខិតសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រួសារស្អាត ចំនួន៣២គ្រួសារ សម្រាប់យុទ្ធនាការចលនាគ្រួសារស្អាត ក្នុងព្រឹត្តិការណ៍បរិស្ថានឆ្នាំ២០២៣ នៅគម្រោងប្រមូលយកប្លាស្ទិកតាមខ្នងផ្ទះ ដែលស្ថិតនៅសាលាឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឬស្សី បានលើកឡើងថា អង្គការទំពាំងស្នងឬស្សី និងក្រុមការងាររដ្ឋបាលឃុំកំពង់ភ្លុក បានចុះសិក្សាធ្វើការវាយតម្លៃជ្រើសរើសគ្រួសារដែលរស់នៅមានអនាម័យ បរិស្ថានស្អាត ជាគ្រួសារគំរូ ក្នុងសហគន៍បានចំនួន៣២គ្រួសារ ដែលនឹងត្រូវទទួលបានលិខិតសរសើរជាគ្រួសារស្អាត និងអង្ករជារង្វាន់លើកទឹកចិត្តចំនួន១០គីឡូក្រាមដូចៗគ្នា។
លោកបន្តថា អង្គការក៏បានរៀបចំកម្មវិធីផ្តល់សំណាងជាប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,០០០,០០០រៀលបន្ថែមទៀត សម្រាប់គ្រួសារតែ១គត់ ក្នុងយុទ្ធនាការចលនាគ្រួសារស្អាត សម្រាប់ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំ ឆ្នាំ២០២៣។
លោកបញ្ជាក់ថា កម្មវិធីនេះ គឺជាចលករជំរុញការចូលរួមអនុវត្តគម្រោងប្រមូលយកប្លាស្ទិកតាមខ្នងផ្ទះ (Harvest Plastic Program) នៅក្នុងសហគមន៍កំពង់ភ្លុកទាំងមូល ដែលមានប្រជាពលរដ្ឋចំនួន១,០០០គ្រួសារ ធ្វើការបញ្ជ្រាបការយល់ដឹង ដើម្បីផ្លាស់ប្ដូរឥរិយាបថសង្គម ដោយបញ្ឈប់ការបោះចោលសំណល់ប្លាស្ទិក ចូលទៅក្នុងទឹកបឹងទន្លេសាប នៅពេលដែលទឹកជំនន់បឹងទន្លេសាបឡើងមកវិញ ជន់លិចភូមិឋាននាពេលខាងមុខ។ លោកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប ដែលបានឧបត្ថម្ភអង្ករចំនួន១តោន សម្រាប់ជារង្វាន់ដល់យុទ្ធនាការប្រឡងប្រណាំងគ្រួសារស្អាតនេះផងដែរ។
លោក សុខ ប្លង់ មេឃុំកំពុភ្លក់ បានលើកឡើងថា លោកមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលអង្គការដៃគូរ តែងតែរៀបចំទិវាបរិស្ថាននាពេលកន្លងមក ចំពោះទិវាបរិស្ថាននេះ ស្របតាមគោលបំណងរបស់ឃុំចង់ធ្វើ ដោយសារតែឃុំនេះក៏ពាក់ព័ន្ធវិស័យទេសចរផង ហើយឃុំមានបរិស្ថានស្អាត ដោយសារប្រជាជាពលរដ្ឋនៅក្នុងឃុំ ចេះទុកដាក់សំរាម ដោយញែកសំរាមដាច់ពីគ្នាដូចជា៖ ថង់ប្លាស្ទិក និងដបទឹកសុទ្ធដាក់ផ្សេង ព្រមទាំងធ្វើឲ្យបរិស្ថាននៅជុំវិញមានបរិស្ថានស្អាត អនាម័យល្អ ហើយសុខភាពល្អ។
លោកបន្តថា រដ្ឋបាលឃុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាបរិស្ថាន ហើយរដ្ឋបាលឃុំក៏បានបញ្ចូលទៅក្នុងការងាររបស់ឃុំប្រចាំខែ ហើយក្នុង១ខែយើងអាចធ្វើការងារសម្អាតបរិស្ថាន១ដង ជាគោលការណ៍ ហើយក្នុងករណីយើងអាចធ្វើ២ ទៅ៣ដង។
ដោយឡែក អ្នកស្រី អ៊ុក យ៉ន ដែលជាពលរដ្ឋបានត្រូវរង្វាន់លើកទឹកចិត្តចំនួន ១,០០០,០០០រៀល បានសម្តែងនូវសេចក្តីរំភើបជាខ្លាំង ដែលទទួលបានរង្វាន់នាឱកាសនេះ ហើយនេះក៏ជាលើកទីមួយហើយ ដែលអង្គការទំពាំងស្នងឬស្សី សហការជាមួយអាជ្ញាធរមូលដ្ឋានចែកអំណោយ លិខិតសរសើរ និងប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រួសារស្អាត ដល់ប្រជាពលរដ្ឋឃុំកំពង់ភ្លុក។
អ្នកស្រីក៏បានអំពាវនាវដល់ជួយថែរក្សាបរិស្ថាននៅតាងខ្នងផ្ទះ ដើម្បីឲ្យបរិស្ថានជុំវិញស្អាត អនម័យល្អ និងទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកម្សាន្តកាន់តែច្រើនថែមទៀតផងដែរ៕