(ភ្នំពេញ)៖ សាលាបឋមសិក្សាទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលកំពុងខ្វះបន្ទប់សិក្សាសម្រាប់សិស្សានុសិស្សនោះ និងមានការទទូចស្នើសុំពីលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាង៦០០នាក់ ត្រូវបានសប្បុរសជនក្នុង និងក្រៅប្រទេសព្រមទាំងបងប្អូន នៅក្នុងភូមិទួលពង្រ ចូលរួមឧបត្ថម្ភថវិការសរុបជាង៦៥០០ដុល្លារ កសាងបានបន្ទប់សិក្សាថ្មីមួយទៀត និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិងសម្មិទ្ធិផលនានា។
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បន្ទប់រៀនខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអញ្ជើញចូលរួមពីលោក រ៉ឹក ចាន់ណា ទីប្រឹក្សាអាជ្ញាធរមីន លោក ម៉ី ឡុង តំណាងសប្បុរសជន លោក ខេង សំឃាន់អនុប្រធានការិយាល័យអប់រំ និងកីឡាខណ្ឌពោធិ៍សែនជ័យ សមាជិកសមាជិកាក្រុមប្រឹក្សាសង្កាត់ ប្រធាននិងអនុប្រធានភូមិ ព្រមទាំងសប្បុរសជន នាយកគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាង ៦០២នាក់ទៀតផងដែរ។
លោក ឡេង សុខា ប្រធានក្រុមសាលាបឋមសិក្សាឧបសម្ព័ន្ធទួលពង្រ បានឲ្យដឹងថា បន្ទប់សិក្សាដាក់ឲ្យប្រើប្រាស់នោះមានទំហំ ៦×១២ម៉ែត្រ ស្មើ ៧២ម៉ែត្រការ៉េ ចំណាយទឹកប្រាក់៦៥០០ដុល្លារ សាលារៀននេះបច្ចុប្បន្ន មានទីតាំងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានសិស្សសិក្សាចំនួន១ភូមិ មកសិក្សារៀនសូត្យ ស្ថានភាពអគារសិក្សាបច្ចុប្បន្នមាន ១ខ្នង ស្មើរ៣បន្ទប់ ដែលប្រើប្រាស់ជាទីចាត់ការ បឋមសិក្សាផង និងបន្ទប់ប្រើប្រាស់សម្រាប់ដំណើរការៀន និងបង្រៀនផង។ មានលោកគ្រូអ្នកគ្រូចំនួន ៦នាក់ ស្រី៤នាក់ ប្រុស២នាក់ ដែលមានសិស្សសរុបទាំងពីរភេទចំនួន «៤១៧» នាក់ពីថ្នាក់ទី១ ដល់ទី៦ និងបែងចែកវេនរៀនចំនួន២វេន ព្រឹក៣ថ្នាក់-ល្ងាច៣ថ្នាក់។
លោក ឡេង សុខា បានបន្តថា ផលលំបាកកាលពីឆ្នាំ២០០៣ រហូតមកដល់ឆ្នាំ២០២០ ការរៀនសូត្រ និងបង្រៀននៅសាលានេះមានបញ្ហាចោទទៅលើបន្ទប់រៀន និងការងាររដ្ឋបាលនោះឡើយ។ ពីព្រោះសិក្សានៅមានចំនួនតិចតួច ប៉ុន្តែឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣នេះ សាលាមានសិស្សកាន់តែកើនឡើងជាកំហុករហូតដល់រកកន្លែងអង្គុយលេងបាន ទើបសូមការអនុញ្ញាតពីលោកចៅសង្កាត់ និងមេភូមិសូមសាលាបុណ្យបង្រៀនជាបណ្ដោះអាសន្ន។ មកដល់ពេលនេះសិស្សកាន់តែកើនឡើងច្រើនទៅច្រើនទៅ គ្មានកន្លែងសម្រាប់ទុកឯកសារគ្មានកន្លែងសម្រាប់ជួបមាតាបិតាឬអាណាព្យាបាលសិស្សទាល់តែសោះ។
លោកថា ដោយមានការលំបាក ទើបលោកគ្រូអ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលាមូលមតិគ្នា ចង់ធ្វើទីចាត់ការតូចមួយនៅជ្រុងខាងជើង ឈាងខាងលិចបណ្តោយ ៤,៥ម៉ែត្រ ទទឹង ៣,៦ម៉ែត្រ តាមការប៉ានស្មានអស់ទឹកប្រាក់ប្រមាណ ២០០០ដុល្លារ។
ជាចុងក្រោយលោក ឡេង សុខា ជំនួសមុខឱ្យគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ ស្នើសុំសប្បុរសជនមេត្តាជួយជាថវិកាក្តីជាដែក ឬស៊ីម៉ង់ត៍ក្តីទោះបីតិច ឬច្រើនតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីបានជាកន្លែងផ្តល់ការសិក្សាជូនដល់សិស្សានុសិស្ស ជាទំពាងស្នងប្រទេសជាតិ។
តាមរយៈលោក ម៉ី ឡុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះម្ចាស់សប្បុរសជនក្នុង និងក្រៅប្រទេសរួមបងប្អូន នៅក្នុងភូមិទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួន បរិច្ចាគដើម្បីកសាងបន្ទប់រៀនជូនសិស្សានុសិស្សដើម្បីបានរៀនសូត្រ៕