(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកបាទី បានធ្វើជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា មានតម្លៃសរុបប្រមាណជិត ៨ម៉ឺន ដុល្លារអាមេរិក នៅក្នុងទឹកដីភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តកាកែវ។ ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ដោយបានចូលរួមពីសំណាក់ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមការងាថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំក្រាំងធ្នង់ ព្រមទាំងបានសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន ៨០០នាក់ នាពេលនោះផងដែរ។

លោកបណ្ឌិតសាស្រ្តាចារ្យ អ៊ុង វាសនា អនុប្រធានក្រុមការងារថ្នាក់កណ្តាលឃុំក្រាំងធ្នង់ ទទួលបន្ទុកភូមិត្បូងដំរី បានមានប្រសាសន៍ថា «សមិទ្ធផលក្នុងភូមិទាំងមូល ដែលមានវត្តមានក្នុងថ្ងៃនេះ គឺដោយសារកិច្ចសហការយ៉ាង ម៉ឺងម៉ាត់ពី ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ចុះជួយស្រុកបាទីនិងឃុំក្រាំងធ្នង់ អាជ្ញាធរ សប្បុរជនដែលមានដើមកំណើតក្នុងភូមិដំរី បងប្អូនប្រជាពលរដ្ឋទាំងក្នុងភូមិ និងក្រៅភូមិ ដែលបានចូលរួមចំណែកចែករំលែកធនធាន តាមរយៈការរៀបចំកម្មវិធីអុំទូកភូមិយើង បុណ្យផ្កា និងចូលឆ្នាំនាពេកកន្លងមក»

លោកបណ្ឌិតសាស្រ្តាចារ្យ អ៊ុង វាសនា បានបន្តទៀតថា សមិទ្ធផលដែលសម្ពោធនឱកាសនេះ មានផ្លូវបេតុង១ពាន់មែត្រ ជាអំណោយរបស់លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត សាលាសន្សំបុណ្យ ចំណាយថវិកាអស់ ២៥,០០០ដុល្លារ ជាអំណោយលោកវេជ្ជបណ្ឌិត ស៊ូ សុថន និងអ្នកស្រី ឡេង ហ៊ាង និងឧបាសក អ៊ុង បូរាណ និងឧបាសិកា ស៊ូ សាវ៉ន (ហៅ រ៉ូ) និងលោកសាស្ត្រាចារ្យបណ្ឌិត អ៊ុង វាសនា ព្រមទាំងសប្បុរសជននានា។ លើសពីនេះ បានពង្រីកផ្លូវចូលភូមិពី៤ម៉ែត្រទៅ៨ម៉ែត្រ ប្រវែង ៨០០ម៉ែត្រ និងបំពាក់ប្រព័ន្ធបំភ្លឺសូឡា ទូទាំងភូមិ ក្រោមអំណោយរបស់ក្រុមការងារលោក គី តិច និងសប្បុរសជនទាំងក្នុងភូមិ។ ក្រៅពីនេះ សមិទ្ធផលបន្ថែមទៀត ដូចជា សាលាមត្តេយ្យសាមគ្គីភូមិ បន្ទប់ទឹកសាធារណៈ អគារស្នាក់ការភូមិនិងប្រជាការពារ ក៏ត្រូវបានសម្ពោធផងដែរ។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសាទរចំពោះសមិទ្ធផលដែលបានសម្ពោធនាថ្ងៃនេះ ដោយលោកបានសង្កត់ធ្ងន់ ពីការតស៊ូរបស់បញ្ញាវ័ន្តពីររូប ដែលមានដើមកំណើតពីភូមិត្បូងដំរី និងឃុំក្រាំងធ្ងង់ នោះគឺ លោក គី តិច និងលោកបណ្ឌិតសាស្រ្តាចារ្យ អ៊ុង វាសនា បានត្រឡប់មកជួយអភិវឌ្ឍភូមិស្រុកកំណើតខ្លួនវិញ។

«ខ្ញុំក៏បានជម្រាបជូនបងប្អូនទាំងអស់ថា នៅស្រុកបាទីមាននិស្សិតប្រមាណ ១៨០០នាក់ ដែលមករៀនសាកលវិទ្យាល័យនៅភ្នំពេញ។ ជាលទ្ធផលយើងឃើញថា ដូចជាឯកឧត្តម អ៊ុង វាសនា ឯកឧត្តម គី តិច គឺជាអតីតនិស្សិតមានដើមកំណើតនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ដែលរៀនចប់ដោយជោគជ័យ ហើយបានត្រឡប់មកជួយអភិវឌ្ឍន៍ឃុំឲ្យបានរីកចម្រើនដូចសព្វថ្ងៃ ដូចជាកសាងផ្លូវថ្នល់ជាច្រើនខ្សែ សាលារៀន សាលាឆទាន និងសមិទ្ធផលជាច្រើនទៀត»

លោករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកបាទី ក៏បានអំពាវនាវប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឲ្យទទួលបានជ័យជំនះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើន និងសុខសន្តិភាពបន្តទៀត ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។

លោក រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានផ្តល់អំណោយបន្ថែម ដូចជាសូឡាចំនួន១០០ផ្ទាំងបន្ថែម កូនឈើចំរុះប្រភេទចំនួន ៥០០ដើម និងថវិកា៥,០០០,០០០ រៀលដល់សាលាមត្តេយ្យត្បូងដំរី ដើម្បីបន្តដំណើរកិច្ចការអប់រំកុមារតូចក្នុងភូមិផងដែ៕