(ក្វាងស៊ី, ចិន)៖ អំឡុងពេលប្រទេសចិន មានការរីករាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលចេញវិធានការបិទខ្ទប់យ៉ាងតឹងរឹងនោះ មីខ្យងជូរហឹរ បានរួមចំណែកយ៉ាងសំខាន់ ដែលក្លាយជាអាហារទ្រទ្រង់ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តក្វាងស៊ី ប្រទេសចិន។
អំឡុងពេលទស្សនកិច្ចនៅខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានកម្ពុជា ចំនួន១៤រូប បានធ្វើទស្សនកិច្ចនៅទីក្រុងលីវចូវ ខេត្តក្វាងស៊ី ដែលជាទីក្រុងសំបូរដោយឧស្សាហកម្មផលិតមីខ្យងជូរហឹរនេះ ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីខ្យងជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេក្នុងក្រុងនេះ។
Guangxi Luobawang Technology បានបើកដំណើរការរយៈពេល ៨ឆ្នាំហើយ ដោយការផ្តោតសំខាន់លើការផលិត និងកែច្នៃមីជូរហឹរ។ បច្ចុប្បន្ន ផលិតផលមីជូរហឹររបស់ក្រុមហ៊ុននេះមាន៥រសជាតិ គឺរសជាតិដើម, មានរសជាតិប៉េងប៉ោះ, រសជាតិឆ្អឹងស៊ុប, រសជាតិថែមហឹរ និងរសជាតិថែម(ក្លិន)។
ក្នុងមួយឆ្នាំទៅមួយឆ្នាំ បរិមាណផលិតមីរបស់ក្រុមហ៊ុនគឺកើនឡើង២ខ្ទង់ ខណៈបរិមាណផលិតក្នុងឆ្នាំ២០២២ គឺមានចំនួន ១០០លានកញ្ចប់ ខណៈដែលកំណើនផលិតកម្ម នៅក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយសារប្រជាប្រិយភាព និងការនិយមចូលចិត្តរបស់អតិថិជន ទាំងក្រុងប្រទេសចិន និងក្រៅប្រទេស។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. លោក Chen Bo។
លោកបានបន្តថា ក្រៅពីលក់នៅប្រទេសចិន ផលិតផលក្រុមហ៊ុនរបស់លោក ក៏ត្រូវបានចែកចាយនៅក្រៅប្រទេសដែរ ដូចជា អាម៉េរិក ទីផ្សារនៅតំបន់អាស៊ី សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជាជាដើម។
សូមបញ្ជាក់ថា ប្រតិភូសារព័ត៌មានកម្ពុជា៩ស្ថាប័ន ដែលដឹកនាំដោយ លោក ផ្លុង វិចិត្រ បានបំពេញទស្សនកិច្ច រយៈពេល៦ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។
ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាងកាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily៕