(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានា នៅវត្ដព្រះពុទ្ធអណ្ដែត ហៅវត្ដក្ដីល្វា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, លោក ឌី ពៅ នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ដ្រី, លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន, អ្នកឧកញ៉ា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា, លោក យឹម សុខុន ប្រធានក្រុមប្រឹក្សាខេត្ដកំពង់ស្ពឺ ព្រមទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងនាមអ្នកតំណាងរាស្ដ្រមណ្ឌលកំពង់ស្ពី និងជាពុទ្ធសាសនិកមួយរូប លោក ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ និងអនុមោទនា ជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ជាពិសេសប្រជាពលរដ្ឋ នៅឃុំត្រពាំងគង ដែលបានទទួលសមទ្ធិផលថ្មីៗ ជាច្រើនបន្ថែមទៀត សម្រាប់បម្រើសេចក្ដីត្រូវការ នៅក្នុងវត្ដអារាម។

ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរព្រះអង្គយ៉ាងជ្រាលជ្រៅ ចំពោះព្រះភិក្ខុអានន្ទោ បាន សុភ័ណ្ណ ព្រះចៅអធិការ វត្ដព្រះពុទ្ធអណ្ដែត និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មាធិការអាចារ្យវត្ដទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀកគរ ប្រមូលបច្ច័យពីសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី មកកសាងសមទ្ធិផលទាំងនេះ ឲ្យលេចចេញជារូបឡើង។

លោក ហ៊ុន ម៉ានី ក៏សូមថ្លែងអំណរគុណ ចំពោះទឹកចិត្ដ និងសទ្ធាជ្រះថ្លា របស់លោកឧត្ដមសេនីយ៍ឯក ឌី ពៅ នាយករងខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងក្រុមគ្រួសារ, លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន ក៏ដូចជាសប្បុរសជន ដែល​បានលះបង់កម្លាំងកាយចិត្ដ សម្ភារៈ និងថវិកា ចូលរួមកសាងសមទ្ធិផលនានា ជាបន្ដបន្ទាប់ នៅក្នុងវត្ដព្រះពុទ្ធអណ្ដែតនេះ។

ជាមួយគ្នានេះ លោក ហ៊ុន មានី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញនាំគ្នាទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយសូមបោះឆ្នោតឲ្យគណបក្សណា ដែលធ្វើឲ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍។

លោក វ៉ី សំណាង បានឲ្យដឹងថា លទ្ធផលទាំងអស់ខាងលើនេះ គឺពិតជាមិនអាចខ្វះ បាននូវគុណថ្ងៃ ៧ មករា និងផ្តើមចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលសម្តេចបានធ្វើឲ្យមាតុប្រទេសយើង មានសុខសន្តិភាពមកដល់បច្ចុប្បន្ន ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ និងបន្តបន្ទាប់។

លោក វ៉ី សំណាង បានលើកឡើងថា ពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាង ដូចនៅថ្ងៃនេះបានឡើយ។

បើតាមអភិបាលខេត្ដកំពង់ស្ពឺ វត្តព្រះពុទ្ធអណ្ដែត (ហៅវត្តក្តីល្វា) បានចាប់បដិសន្ធិឡើងក្នុងគ្រឹស្តស័ករាជ ១៩៥១ ដែលមានអាយុកាលជាង៥២២ឆ្នាំ ហើយក៏ជាវត្តចំណាស់មួយ ក្នុងចំណោមវត្តទាំង២៩៥វត្ត ក្នុងខេត្តកំពង់ស្ពឺ។

វត្តព្រះពុទ្ធអណ្តែត (ហៅវត្តក្តីល្វា) ស្ថិតនៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាផ្ទៃ ៤៦.៤២៥ ម៉ែត្រការ៉េ លាតសន្ធឹង តាំងនៅទិសបូព៌ នៃខេត្តកំពង់ស្ពឺ មានចំងាយ១៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ មានខ្លោងទ្វានៅលើតាមបណ្ដោយផ្លូវជាតិលេខ៤ និងចូលមកក្នុងវត្តប្រមាណ១,០០០ម៉ែត្រ ដែលបច្ចុប្បន្នមានព្រះគ្រូព្រះនាម បាន សុភ័ណ្ឌ ជាចៅអធិការវត្ត។

សាលាធម្មសភា ត្រូវបានសាងសង់ឡើង ដោយមានបណ្ដោយប្រវែង២៧ម៉ែត្រ, ទទឹងប្រវែង១៨ម៉ែត្រ, កម្ពស់១៦.៨០ម៉ែត្រ, រៀបចំប្រព័ន្ធភ្លើង ក្នុងសាលាធម្មសភា, គូរគំនូរ ក្នុងសាលាធម្មសភា និងទ្វារ, សាងសង់ ព្រះពុទ្ធរូបស្ពាន់ ព្រះអង្គធំ ព្រះអង្គព្រះជីមួយអង្គ និងព្រះអង្គតូចពីរព្រះអង្គ។

សាលាធម្មសភា បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដោយចំណាយថវិកាសាងសង់អស់ចំនួន ៤៥០,០០០ដុល្លារ។

ក្រៅអំពីសាលាធម្មសភាថ្មី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាង ឡើងក្នុង វត្តព្រះពុទ្ធអណ្តែត (ហៅវត្ត ក្តីល្វា) ដែលសរុបជារួមចំណាយថវិកាសាងសង់ អស់ចំនួន ៥៣៤,១៦៨ដុល្លារ៕