(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អង្គភាព Fresh News ថា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ នៅការដ្ឋានសាងសង់ផ្លូវ១០០ម៉ែត្រ ចេញពីអក្សផ្លូវជាតិ៦អា ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងអាជ្ញាធរ និងក្រុមកម្មកររបស់ លោកឧកញ៉ា កៃ ចាន់ ដែលជាឈ្មួញទិញដីបង្កកទុក មិនមែនជាប៉ះទង្គិចគ្ នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៦០គ្រួសារ ដូចការលើកឡើង របស់សារព័ត៌មានមួយចំនួនទេ។
អភិបាលរងសាលាខណ្ឌជ្រោយចង្វារមួយរូប បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នៅម៉ោងប្រមាណជាង៣រសៀលថ្ងៃទី២៥ ខែកក្កដានេះ នៅពេលដែលអាជ្ញាធរកំពុងតែធ្វើការស្ថាបនាផ្លូវ ក៏មានកម្មករទឹកសុទ្ធរបស់ លោក កៃ ចាន់ បានមកឡុកអុក ដោយពួកបានប្រើប្រាស់រូបថតថ្នាក់ដឹកនាំ បិទលើរនាំងស័ង្កសី ហើយថែមទាំងរាយខ្សែភ្លើង បំណងឲ្យឆក់ដល់កម្លាំងអាជ្ញាធរ និងកម្មករស្ថាបនាផ្លូវថែមទៀត។ លើសពីនេះ ក្រុមកម្មកររបស់លោកថៅកែ កៃ ចាន់ បានរើសយកដុំថ្មី គប់ទៅលើគ្រឿងចក្រដែលសាងសង់ផ្លូវ រួមទាំងដុកសំបកកងឡានទៀតផង បំណងដើម្បីឲ្យ សាធារណជនយល់ថា ប្រជាពលរដ្ឋតវ៉ា។
មន្ត្រីខណ្ឌជ្រោយចង្វារដដែលបានឲ្យដឹងថា ការប៉ះទង្គិចគ្នានោះ មិនមែនជាការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៦០គ្រួសារនោះទេ ព្រោះដីនោះមែនជាដីរបស់ប្រជាពលរដ្ឋ រាប់សិបគ្រួសារនោះទេ គឺជាដីរបស់ឈ្មួញទិញទុក លក់យកចំណេញតែប៉ុណ្ណោះ បើទោះជាដឹងថា ដីតំបន់នេះ ត្រូវរាជរដ្ឋាភិបាលបង្កកមិនឲ្យទិញលក់ ចាប់តាំងពីឆ្នាំ១៩៩៤មកក៏ដោយ។
យ៉ាងណាការប៉ះទង្គិចគ្នាបន្តិចបន្តួច ត្រូវបានបញ្ចប់ទៅវិញ បន្ទាប់អាជ្ញាធរចុះបង្ក្រាបកម្មករទាំងនោះភ្លាមៗ។
អភិបាលរងសាលាខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោក កៃ ចាន់ មកអុកឡុកដល់ការស្ថាបនាផ្លូវនេះ ពោលកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ឈ្មួញមានលុយរូបនេះ ធ្លាប់បានមករាំងផងដែរ។
មន្ត្រីសាលាខណ្ឌជ្រោយចង្វារបានឲ្យដឹងថា លោក កៃ ចាន់ តែងតែដើរទិញដីនៅ តាមតំបន់ជ្រោយចង្វារ ហើយមានដី៣-៤កន្លែង បានបង្កការងាររាំស្ទះដល់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ហើយដីមួយចំនួនដែលគាត់បានទិញ គាត់បានជួលឲ្យប្រជាពលរដ្ឋធ្វើការតវ៉ា ឬទាមទារ ដើម្បីទទួលបានសំណងច្រើនពីអាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍។
តំណាងក្រុមហ៊ុនអភិឌ្ឍន៍តំបន់ជ្រោយចង្វារ បានបញ្ជាក់ថា លោក កៃ ចាន់ នេះ ធ្លាប់បានទទួលយកគោលការណ៍ ដោះស្រាយជាមួយសាលារាជធានីភ្នំពេញ ក្រុមហ៊ុនម្តងរួចហើយ ដោយទទួលនូវសំណងប្រមាណ៥៨ម៉ឺនដុល្លារ និងផ្ទះចំនួន៣ល្វែងនៅទល់ មុខផ្សាររុងរឿងក្នុងបុរីរុងរឿងថែមទៀត។
តំណាងក្រុមហ៊ុនដដែលបានឲ្យដឹងថា កន្លងមកអាជ្ញាធរ និងក្រុមហ៊ុន បានអញ្ជើញ លោក កៃ ចាន់ ឲ្យមកដោះស្រាយជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែគាត់មិនចូលដោះស្រាយ ហើយនៅតែបង្កការរាំងស្ទះដល់ការអភិវឌ្ឍន៍ទៀត។
ពាក់ព័ន្ធការលើកឡើងរបស់អាជ្ញាធរយ៉ាងដូច្នេះ Fresh News មិនអាចសុំការបញ្ជាក់ពី លោក កៃ ចាន់ បាននោះទេនៅរសៀលថ្ងៃទី២៥ ខែកក្កដានេះ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់សូមកុំបារម្ភ ព្រោះអាជ្ញាធរនៅតែបន្ត ដោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុត ដោយគិតគូរពីផលប្រយោជន៍ របស់បងប្អូនជាធំ។ ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ សាលារាជធានីភ្នំពេញ កំពុងតែបន្លឿនឲ្យបានរួចរាល់ ជៀសវាងការលិចលង់ក្នុងរដូវវស្សានេះ៕