(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធី «ការប្រឡងចម្រៀងណូដូជីមាន់២០២៣» ដើម្បីរីករាយជាមួយនឹងបទចម្រៀងជប៉ុន នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

ពិធីនេះមានការចូលរួមដោយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អ្នកស្រី ឡេង យូគីយ៉ូ អ្នកជំនាញភាសាជប៉ុន តំណាង CJCC អ្នកស្រី កាស៊ូយ៉ា ម៉ាណាមី តំណាងក្រុមហ៊ុននីហុងហ្គោ មូលនិធិជប៉ុន ការិយាល័យទំនាក់ទំនងភ្នំពេញ លោក ប៉ែន សំអុល អនុប្រធានមហាវិទ្យាល័យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងភ្ញៀវកិត្តិយសជាច្រើននាក់។

នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ឆ្នាំនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងជប៉ុន និងកម្ពុជា ហើយនៅក្នុងឆ្នាំដ៏គួរឱ្យចង់ចាំនេះ ដោយសារការរឹតត្បិតការការពារពីកវីដ-១៩ ស្ទើរតែរលាយបាត់ហើយ ដោយមានការចូលរួមនិងកិច្ចសហការពីអ្នកគាំទ្រជាច្រើន នេះជាលើកដំបូង ដែលបានរៀបចំ ការប្រឡងចម្រៀងណូដូជីមាន់នេះឡើង ដែលខានបានរៀបចំឡើងរយៈពេលបីឆ្នាំហើយចាប់តាំងពីឆ្នាំ២០១៩មក។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ដថា ការប្រឡងចម្រៀងណូដូជីម៉ា សហការរៀបចំដោយស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន ដោយសង្ឃឹម ថា «អ្នកសិក្សាភាសាជប៉ុននឹងរីករាយតាមរយៈបទចម្រៀងជប៉ុន»។ លោកសង្ឃឹមថា ទស្សនិកជននៅទីនេះទាំង អស់ ក៏នឹងឆ្លៀតឱកាសនេះ ដើម្បីរីករាយជាមួយនឹងបទចម្រៀងជប៉ុនផងដែរ។

លើសពីនេះទៅទៀត ការប្រឡងចម្រៀងណូដូជីម៉ាន់ កាលពីឆ្នាំ២០១៩ ត្រូវបានប្រារព្ធឡើងជាការប្រកួតរវាងសាលា និងសាលា។ ទោះជាយ៉ាងណាក៏ដោយ ការត្រឡប់មកវិញនូវការប្រឡងចម្រៀងណូដូជីមាន់លើកនេះ ដើម្បីឱ្យ ការប្រកួតកាន់តែមានអ្នកចូលរួមកាន់តែច្រើន លក្ខខណ្ឌនៃការចូលរួមប្រកួត គឺផ្លាស់ប្ដូរ ដោយ «គ្រប់គ្នា ដែលមានសញ្ជាតិខ្មែរដែលចូលចិត្តច្រៀងចម្រៀងជប៉ុនជាភាសាជប៉ុន» អាចដាក់ពាក្យចូលរួមប្រកួតបាន។

ជាថ្មីម្ដងទៀត លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ថែមថា ជាលទ្ធផលយើងបានទទួលពាក្យចូលរួមចំនួន៥០ក្រុម ហើយឆ្លងកាត់វគ្គជម្រុះ ដោយជ្រើសរើសបាន១៧ក្រុម នឹងច្រៀងចម្រៀងជប៉ុនថ្ងៃនេះ។ តាមរយៈវគ្គជម្រុះ លោកបានឮថា កម្រិតអ្នកចូលរួមប្រកួតលើក នេះគឺខ្ពស់ ដូច្នេះលោកទន្ទឹងរង់ចាំយ៉ាងអន្ទះសារស្ដាប់បេក្ខជនច្រៀង នៅវគ្គផ្ដាច់ព្រ័ត្រនេះ៕