(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់សាលាក្តី និងអយ្យការគ្រប់ជាន់ថ្នាក់របស់កម្ពុជា ដោយសម្រេចបានសមិទ្ធផលនានា។

ការវាយតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារសាលាយុត្តិធម្ម» ដែលជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង និង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងភាពរីករាយជាមួយនឹងសមិទ្ធផល អគារសាលាយុត្តិធម្ម" ដែលសម្តេចចាត់ទុកថា នឹងចូលរួមលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង ដែលជាការរួមចំណែក ក្នុងការធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ក្នុងនាមរាជរដ្ឋាភិបាល, ខ្ញុំសូមកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ»

សម្តេចបានរំលឹកថា បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩, ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានបង្កើតឡើងវិញនៅឆ្នាំ១៩៨០ ដោយក្រឹត្យរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសម័យនោះ, កម្ពុជាបានបង្កើតឱ្យមាន «តុលាការប្រជាជនបដិវត្តខេត្ត-ក្រុង» ដែលមានតែមួយថ្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ ១៩៨២ តុលាការនេះ ត្រូវបានប្តូរឈ្មោះទៅជា «តុលាការប្រជាជនខេត្ត-ក្រុង និង អយ្យការអមតុលាការប្រជាជនខេត្ត-ក្រុង»។ នៅឆ្នាំ ១៩៨៥, «តុលាការប្រជាជនកំពូល» និង «មហាអយ្យការអមតុលាការប្រជាជនកំពូល» ត្រូវបានបង្កើតឡើង ដោយក្រឹត្យឆ្នាំ១៩៨៥។ នៅឆ្នាំ ១៩៩២ «សាលាឧទ្ធរណ៍» ទើបត្រូវបានបង្កើតឡើង។

សម្តេចបានរំលឹកបន្ថែមថា ជាបន្តបន្ទាប់, ប្រព័ន្ធតុលាការកម្ពុជា ត្រូវបានរៀបចំចែកចេញជា «ជាន់» និង «ថ្នាក់» ពេញលក្ខណៈឡើងវិញ តាមរយៈច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពរបស់សាលាជំរះក្តីនៃរដ្ឋកម្ពុជាឆ្នាំ ១៩៩៣ គឺមាន «តុលាការជាន់ទាប», «សាលាឧទ្ធរណ៍» និង «តុលាការកំពូល» និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។ បច្ចុប្បន្ន, សាលាដំបូង និងអយ្យការអមសាលាដំបូងបានដាក់ឱ្យដំណើការគ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស។ ចំណែកសាលាឧទ្ធរណ៍តំបន់ចំនួន ៣ ទៀត គឺសាលាឧទ្ធរណ៍ព្រះសីហនុ, បាត់ដំបង និង ត្បូងឃ្មុំ ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ៕