(ភ្នំពេញ)៖ លោក ហ៉ី ធារី អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាអតីតសកម្មជនដ៏ខ្លាំងខ្លាម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃ និងជាអ្នកដែលចាំជួយសមាជិកប្រឆាំងដែលរត់គេចទៅក្រៅប្រទេស បានប្រកាសដើរចេញពីសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ហ៉ី ធារី ដែលមានជំនាញជាអ្នកបកប្រែភាសាថៃដែរនោះ បានសារភាពរាល់អ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុសនាពេលកន្លងមក ដោយសារស្ដាប់តាមការណែនាំរបស់ទណ្ឌិត សម រង្ស៉ី ដើម្បីរត់គេចទៅកាន់ប្រទេសថៃ ហើយដើម្បីមានឱកាសបានរត់បន្ដទៅកាន់ប្រទេសទីបី។
លោកបានអះអាងថា តួនាទីនៅពេលរត់គេចទៅកាន់ប្រទេសថៃ ហើយក្រោយទទួលបានកាតពីអង្គការសហប្រជាជាតិនៅឆ្នាំ២០១៨នោះ ទណ្ឌិត សម រង្ស៉ី បានណែនាំឲ្យលោកជាអ្នកដែលចាំជួយដល់សមាជិកគណបក្សប្រឆាំងផ្សេងទៀត ដែលរត់ភៀសខ្លួនទៅកាន់ប្រទេសដើម្បីបានកាតស្នាក់នៅ មុនចេញទៅប្រទេសទីបី។
នៅពេលនេះ លោក ហ៉ី ធារី បានទទួលស្គាល់នូវអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តខុស និងសុំទោសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងអាចចូលរួមក្នុងការអភិវឌ្ឍជាតិ ពិសេសអាចជួយពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមដែលអាចធ្វើទៅបាននៅពេលខ្លួនទទួលបានការលើកលែងទោស៕
សូមស្ដាប់ការលើកឡើងរបស់លោក ហ៉ី ធារី៖