(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំលើកទឹកចិត្តឱ្យចៅក្រម ប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា ពាក់ព័ន្ធនឹងសំណុំរឿងរដ្ឋប្បវេណី។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំចៅក្រម ព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។
ថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម» សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តតួនាទីចៅក្រមឲ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សារគូវិវាទឲ្យកាន់តែឆាប់ ដោយមិនទុកឲ្យសំណុំរឿងឯកសារកាត់ក្តី រយៈពេលយូរឡើយ។ ការដោះស្រាយវិវាទ តាមរយៈការសម្របសម្រួលគ្នានេះ គឺត្រូវបានអនុញ្ញាតទាំងក្នុងប្រព័ន្ធតុលាការ ទាំងក្រៅប្រព័ន្ធតុលាការ។
សម្តេចតេជោ បានបន្តថា ផ្អែកតាមក្រមនីតិវិធីរដ្ឋប្បវេណីកម្ពុជា ចៅក្រមអាចធ្វើការសម្របសម្រួល និងផ្សះផ្សាររវាងគូភាគី ដើម្បីបញ្ចប់វិវាទ នៅក្នុងសំណុំរឿងរដ្ឋប្បវេណី ហើយការសម្របសម្រួលនេះ អាចធ្វើបាននូវគ្រប់ដំណាក់កាល នៃនីតិវិធីតុលាការ។ ការផ្សះផ្សារ ដែលធ្វើឡើងដោយតុលាការ គឺមានតម្លៃគតិយុត្តរឹងមាំ ដោយហេតុថា កំណត់ហេតុនៃការសះជា ដែលជាលទ្ធផលនៃការផ្សះផ្សារបញ្ចប់វិវាទ ដោយចៅក្រម គឺមានអនុភាពអនុវត្តដូចសាលក្រមស្ថាពរផងដែរ ហើយការសម្រេចបានជោគជ័យក្នុងការផ្សះផ្សារវិវាទ ដោយចៅក្រម នឹងជួយឲ្យការដោះស្រាយវិវាទប្រព្រឹត្តទៅបានឆាប់ និងអាចទទួលយកបានដោយគ្រប់ភាគី។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំខាន់ណាស់ នៅកន្លែងនេះ សូមលើកទឹកចិត្តឲ្យអស់លោកចៅក្រម អស់លោកលោកស្រីជាចៅក្រមទាំងអស់ ប្រើប្រាស់ឲ្យអស់លទ្ធភាពនៃការសម្របសម្រួល ជាជាងការកាត់ក្តី។ រឿងនេះ គឺអាចធ្វើបានគ្រប់សំណុំរឿងរដ្ឋប្បវេណី រឿងបញ្ហាព្រហ្មទណ្ឌវាជារឿងមួយផ្សេង ដែលចៅក្រមរបស់យើងពិបាក ហើយក៏ពិបាកមានលទ្ធភាពធ្វើទៅដែរ ព្រោះទាក់ទិននឹងបញ្ហាព្រហ្មទណ្ឌ វាជារឿងមួយផ្សេង ហើយសូមកុំភ្លេចថា ក្រសួងយុត្តិធម៌ ក្នុងនាមជាតំណាងឲ្យខាងរាជរដ្ឋាភិបាល នៅក្នុងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ចាំបាច់ណាស់ យើងត្រូវតែគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើង ជាពិសេសប្រទេសយើង ដែលគេហៅថា សម្បូរទៅដោយអំពើជ្រុលនិយមហួសហេតុ ដែលបន្តវត្តមាននៅកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ សម្តេចតេជោ ក៏ណែនាំក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេសការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល៕