(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម បាននាំអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋប្រមាណ៩៨០នាក់ នៅភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ពិធីចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ នៅក្នុងបរិវេណសាលាបឋមសិក្សាបឹងទីង។
នាឱកាសនោះដែរ លោក ចាស់ ជឿន មេឃុំទងត្រឡាច បន្ទាប់ពីបានលើកឡើងជារបាយការណ៍រួចមកក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតផងដែរ ដើម្បីឈានទៅធ្វើការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
ឧកញ៉ា អែល សារ៉ុម បានបង្ហាញពីកាប្ដេជ្ញាចិត្តបន្តចូលរួមអភិវឌ្ឍន៍មូលដ្ឋានឃុំឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ខណៈជាបន្តបន្ទាប់ក្រុមការងារចុះមូលដ្ឋាន បានចូលរួមការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ដែលក្នុងនោះមានការជួយ ផ្លូវចាក់បេតុង ដាក់លូវរំដោះទឹក ជួយសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ និងបំពាក់នូវភ្លើងសូឡាតាមផ្លូវ ក្នុងភូមិនិងការងារជាច្រើនផ្សេងៗទៀតក្នុងឃុំទង់ត្រឡាច រួមទាំងមានការជួយឧបត្ថម្ភគាំទ្រជាច្រើនទៀត ដល់ប្រជាពលរដ្ឋក្នុងឃុំ។
ឧកញ៉ា ឡូវ ហ៉ឺង បានថ្លែងថា ការខិតខំបម្រើប្រជាពលរដ្ឋនេះរាប់តាំងពីការចុះសួរសុខទុក្ខនៅតាមខ្នងផ្ទះ លើកយកទុក្ខកង្វល់ សំណូមពររបស់ពួកគាត់មកដោះស្រាយ និងចំណុចណាដោះស្រាយមិនចេញ ត្រូវរាយការណ៍បន្តទៅថ្នាក់លើ បម្រើសេវាសាធារណឲ្យបានល្អ ទាន់ពេលវេលា លឿន រហ័ស ពិសេសត្រូវការពារផលប្រយោជន៍របស់ពលរដ្ឋ។
លោកបានបន្តថា មួយវិញទៀត ត្រូវផ្សព្វផ្សាយបន្ថែម ទៅកាន់ប្រជាពលរដ្ឋឲ្យត្រៀមឯកសារសម្រាប់បោះឆ្នោត ដើម្បីឱ្យពួកគាត់ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយធ្វើយ៉ាងណាឱ្យការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តិទៅដោយរលូន សេរី និងយុត្តិធម៌ ទទួលយកបានពីគ្រប់គណបក្សនយោបាយទាំងអស់។
ជាមួយគ្នានេះដែរ ប្រធានក្រុមការងារបានអំពាវនាវបន្ថែម ទៅកាន់ពលរដ្ឋផ្ដល់ភាពយុត្តិធម៌ដល់គណបក្សប្រជាជនកម្ពុជា ដែលថ្នាក់ដឹកនាំរបស់បក្សបានរំដោះពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ស្វែងរកសន្តិភាពជូនជាតិបានពេញលេញ និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែលការផ្ដល់យុត្តិធម៌នេះ គឺតាមរយៈការបោះឆ្នោតបន្តគាំទ្រសម្រាប់អាណត្តិទី៧ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនប្រជាពលរដ្ឋចំនួន៩៨០នាក់ ក្នុងភូមិបឹងទីង ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងប្រហុក១គីឡូ និងឧបត្ថម្ភអ្នកឈឺ អ្នកស្លាប់ ចង់ដៃរៀបអាពាពិពាហ៍ ឧបត្ថម្ភអ្នកជំងឺវះកាត់សម្រាលកូន វះកាត់ប្រដាប់បន្តពូជចំនួន២នាក់ ឧបត្ថម្ភ កុំព្យូទ័រ ០១គ្រឿង ជូនដល់សាលាបឋមសិក្សា បឹងទីង សរុបថវិកាប្រមាណចំនួន៧លានរៀល។ ដោយឡែកក៏មានការចូលរួមអំពីលោក មាឃ វុទ្ធី ហៅយុត្ថារ៉ូ ប្រធានមូលនិធិមនុស្សធម៌ភូមិបឹងទីង ជួយអាវបក្ស និងមួកចំនូន៥០កំប្លេរ និងជួយលុយ១លានរៀល ជួយកសាងសាលាឆទានគោកមរ៕