(បាត់ដំបង)៖ លោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង និងលោកស្រី ហុង សុភាវី អនុប្រធាន, លោក គាង សេង អនុប្រធាន, លោក ឈឹម កាន អនុប្រធាន នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយប្រជាការពារ នៅឃុំព្រៃខ្ពស់ ព្រមទាំងឧបត្ថម្ភសណ្ឋានថ្មីចំនួន ១២៨កំប្លេរលេ, អាយកូមចល័ត ៥០គ្រឿង, អាយកូមធំប្រចាំការ ១ឈុត, អំពូលសូឡា ៦ដើម, អង្ករ ១១០០គីឡូ, ថវិកា ៤,៤០០,០០០រៀល, និងថវិកាសាងសង់ប៉ុស្តិ៍ប្រជាការពារ ៤០០ដុល្លារ។

ការឧបត្ថម្ភឯកសណ្ឋានថ្មី ព្រមទាំងសម្ភារៈមួយចំនួនជូនប្រជាការពារនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ប្រជាការពារ ក្នុងការបម្រើសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។

នាឱកាសនោះដែរ លោក ផាន់ ចាន់ធុល បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឱ្យប្រសើរឡើងដូចជា៖ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ការដាក់ឱ្យអនុវត្តន៍នូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រ១ និង ក្រ២ អំឡុងពេលដែលមេរោគកូវីដ១៩ បាននឹងកំពុងរាត្បាតនៅលើពិភពលោក។

មន្ត្រី CCP រូបនេះ បានបន្ថែមថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខនៅក្នុងមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានការរស់នៅប្រកបដោយក្តីសុខសប្បាយរីករាយ គ្មានប៉ះពាល់ដល់សម្រាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗមានដូចជា៖ អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿង ញៀនផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារអាចរួមចំណែកនៅក្នុងកិច្ចការពារសន្តិសុខ មិនខុសអីពីសមត្ថកិច្ច នគរបាលនោះទេ ពោលគឺកម្លាំងប្រជាការពារអាចធ្វើ កិច្ចសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនជាប្រជាការពារទាំងអស់ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឱ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕