(ភ្នំពេញ)៖ ផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយសមាជិក/សមាជិការរបស់ខ្លួននៅខណ្ឌព្រែកព្នៅ ព្រមទាំងផ្ដល់នូវសកម្មភាពសប្បុរសធម៌ពិនិត្យប្រឹក្សា និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋចំនួន៣០០នាក់ដោយឥតគិតថ្លៃ ក៏ដូចជាប្រគល់អង្ករមួយចំនួនដល់រដ្ឋបាលខណ្ឌព្រែកព្នៅសម្រាប់ប្រើប្រាស់ក្នុងការចែកជូនពលរដ្ឋរងគ្រោះដទៃទៀត។

សកម្មភាពទាំងនេះធ្វើឡើងនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឌី បូរីម៉ា ទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ម៉ែន មឿន អនុប្រធានផែនសហគ្រិនវ័យក្មេង តំណាងលោក អោម សេង បូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាលនោះ លោក ម៉ែន មឿន បានរៀបរាប់ថា កម្ពុជាធ្លាប់ឆ្លងកាត់នូវការបែកបាក់ផ្ទៃក្នុង និងសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ ធ្វើឱ្យប្រទេសជាតិជួបវិនាសកម្មគ្រប់បែបយ៉ាង ប្រជាជនខ្មែរបានបាត់បង់ស្នាមញញឹម។ តែពេលនេះ ប្រជាជនអាចហៅគ្នាបានថា «ខ្មែរតែមួយ» មានស្នាមញញឹមជាមហាគ្រួសារខ្មែរ ដោយទទួលបានគុណបំណាច់នៃការបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ​ កញ្ញា រដ្ឋា ថាវរ៉ាត់ អនុប្រធានផែនសហគ្រិនវ័យក្មេងសាខារីកចម្រើន បានបង្ហាញចំណាប់អារម្មណ៍ថា មនុស្សម្នាក់ៗដែលមានសមានចិត្តល្អបរិសុទ្ធ បើទោះបីពួកយើងមានទស្សនៈផ្សេងៗគ្នា តែត្រូវការម្លប់សន្តិភាព និងចង់ឱ្យជាតិមានការរីកចម្រើនដូចគ្នា។

កញ្ញាបានអំពាវនាវដល់សមាជិកទាំងអស់ចូលរួម និងជំរុញគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកុំបីខាន។ កញ្ញាបានបញ្ជាក់ថា ការចូលរួមបោះឆ្នោតគឺជាការទទួលខុសត្រូវដ៏ចាំបាច់របស់ប្រជាពលរដ្ឋលើជោគវាសនាជាតិ និងសូមប្រុងប្រយ័ត្នចំពោះក្រុមដែលមានចរិតនយោបាយទុច្ចរិត កេងចំណេញ បំផុសបំផុលសង្គមជំរុញឱ្យខ្មែរមានការបែកបាក់ និងស្អប់គ្នា ដូចបទពិសោធន៍ប្រវត្តិសាស្ត្រដែលខ្មែរយើងធ្លាប់ឆ្លងកាត់។

កញ្ញាបានបញ្ជាក់ទៀតថា ការចូលរួមរបស់សមាជិក/សមាជិកាទាំងអស់ជាមួយគណបក្សប្រជាជនកម្ពុជា និងផែនសហគ្រិនវ័យក្មេង គឺជាការចូលរួមបន្តរក្សាសន្តិភាព និងការអភិវឌ្ឍចំពោះជាតិមាតុភូមិ។

លោក ឌី បូរីម៉ា បានរៀបរាប់ពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើនពិតប្រាកដ ដោយសកម្មភាព និងគោលនយោបាយច្បាស់លាស់ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ។

លោកបានបញ្ជាក់ថា លទ្ធផលពិត និងសកម្មភាពពិតនេះហើយ ដែលឆ្លុះបញ្ចាំងពីការទទួលខុសត្រូវ សេចក្តីស្នេហាជាតិ និងការលះបង់ពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន។ ផ្ទុយពីចរិតនយោបាយរបស់ក្រុមប្រឆាំងមួយចំនួន ដែលសន្យាគ្រប់យ៉ាង តែគ្មានសកម្មភាព ថែមទាំងបង្កការញុះញង់ បំផុសបំផុល ដូចជាជំរុញឱ្យបរទេសផ្តាច់ជំនួយដល់កម្ពុជាជាដើម។

បន្ទាប់ពីពិធីសំណេះសំណាលចប់ លោកស្រីវេជ្ជបណ្ឌិត ម៉ៅ ដានី ទីប្រឹក្សាជាន់ខ្ពស់ផែនសហគ្រិនវ័យក្មេង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យប្រឹក្សា និងផ្ដល់ថ្នាំជូនប្រជាពលរដ្ឋ និងសន្យាបន្តការចុះពិនិត្យប្រឹក្សាសុខភាពជូនប្រជាពលរដ្ឋបន្តទៀតឱ្យបានច្រើនតាមដែលអាចធ្វើបាន៕