(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ចៅក្រមទាំងអស់ ព្យាយាមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើជម្លោះប្តី ប្រពន្ធ និងកុំលើកទឹកចិត្តឱ្យលែងលះគ្នាឱ្យសោះ។ សម្រាប់ការសម្របសម្រួលបញ្ចប់វិវាទ គឺធ្វើតាមរូបមន្តឈ្នះឈ្នះ ដែលជាវិធីដ៏ល្អ។
ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹង ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ ប្រើប្រាស់ឱ្យអស់លទ្ធភាពនៃការសម្របសម្រួល ជាជាងការកាត់ក្តីរឿងនេះ គឺអាចធ្វើបានគ្រប់ទម្រង់រឿងនៅក្នុងក្រមរដ្ឋប្បវេណី។ ប៉ុន្តែ ករណីមួយចំនួនដែលមិនអាចសម្របសម្រួលបានសូមកាត់ក្តីតែម្តង។ ក្រៅពីចៅក្រម អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើយ៉ាងណាដើរតួសម្របសម្រួលករណីកម្លោះរវាងប្តី និងប្រពន្ធឱ្យអស់ពីលទ្ធភាព មុននឹងរឿងនេះរុញមកដល់ដៃតុលាការ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំយ៉ាងដូច្នេះថា៖ «រឿងលែងលះប្តី ប្រពន្ធកុំលើកទឹកចិត្តឱ្យលែងលះគ្នាពេក ហៅមកសម្របសម្រួលសិនទៅ តិចៗវាត្រូវគ្នាវិញហើយ ជួនកាលវាអញ្ចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការរៀបចំចេញសាលាក្រមលុបអេតាស៉ីវិល ប៉ុន្តែ ដល់ពេលអ្នកដែលពូកែសម្របសម្រួលត្រូវគ្នាវិញបាត់»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកទឹកចិត្តដល់ចៅក្រមទាំងអស់ គប្បីត្រូវ ខិតខំឱ្យអស់ពីលទ្ធភាពក្នុងការ ដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជា រដ្ឋប្បវេណីទេ តែប្រើរយៈពេលវែងក្នុងការ វិនិច្ឆ័យ ដូច្នេះត្រូវធ្វើការ សម្របសម្រួល ជាជាងកាត់ក្តីដល់គូជម្លោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា តុលាការ គឺស្ថិតនៅក្នុង មាត់ដង្កាប់ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថានឹងគ្មានយុត្តិធម៌ សម្រាប់ពួកគេ ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល និងផ្សះផ្សារក្រៅប្រព័ន្ធតុលាការទេទើបប្រសើរ ខណៈមធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តឈ្នះឈ្នះទាំងអស់គ្នា៕