(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។
«អគារសាលាយុត្តិធម្ម» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសាលាយុត្តិធម្ម»៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា រាជរដ្ឋាភិបាល ធ្លាប់បានជួយតុលាការ ពន្លឿនការកកស្ទះសំំណុំរឿងនៅតុលាការ ដោយការជួយបន្ធប់សណ្ឋាគារ ដើម្បីបើកសវនាការ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌជានយោបាយដែលត្រូវយកចិត្តទុកដាក់។
* សម្តេចតេជោ ហ៊ុន សែន ណែនាំចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ «អភិបាលកិច្ចល្អ» និង «នីតិរដ្ឋ» សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្រប-តាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម, ធានាថែរក្សានូវសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង ស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់, កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ, ជួយផ្សះផ្សាការ
ខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ, ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ, សម្របសម្រួល ផ្សះផ្សា
បញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំ ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួល
ដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំសាលាជម្រះក្តី និង អយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួន ប្រកបដោយគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ពិសេស ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និង ការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ណែនាំក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និង តុលាការការងារ ប្រកបដោយគុណភាព, តម្លាភាព និង ភាពជឿទុកចិត្តបាន សម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និង ការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្ដីពីលក្ខន្តិកៈអាជ្ញាសាលា, ច្បាប់ស្តីពីលក្ខន្តិកៈសារការី ព្រមទាំងច្បាប់ដែលមានការពាក់ព័ន្ធផ្សេងទៀត ឱ្យបានឆាប់ ដែលជាមូលដ្ឋានគតិយុត្ត ក្នុងការគ្រប់គ្រង និង លើកកម្ពស់វិជ្ជាជីវៈច្បាប់ ប្រកបដោយតម្លាភាព, ទាំងបច្ចុប្បន្ន និងអនាគត។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី២៨ ខែសីហា បើកកិច្ចប្រជុំលើកដំបូងរដ្ឋសភា ហើយថ្ងៃទី២៩ ខែសីហា បើកកិច្ចប្រជុំ និងស្បថចូលកាន់តំណែង របស់ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាបង្កើតតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង៨៖៥០នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕