(ក្រចេះ)៖ ផ្លូវធំទូលាយ ផ្ទះថ្មី និងសំឡេងម៉ាស៊ីន ដែលកំពុងដំណើរការលើកសិដ្ឋាន កំពុងធ្វើឱ្យសេដ្ឋកិច្ចស្រុកស្នួល ខេត្តក្រចេះ មានការផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏កាន់តែមានភាពប្រសើរឡើងផងដែរ ដោយសារតែការខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) ដែលរួមមានក្រុមហ៊ុនតូចចំនួន៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Eastern Rubber , ក្រុមហ៊ុន Binh Phuoc Kratie , ក្រុមហ៊ុន Sovannvuthy) ដែលកំពុងវិនិយោគជាច្រើន លើវិស័យកសិកម្មនៅខេត្តក្រចេះ។

ពីមុនស្រុកស្នួលជាតំបន់លំបាកមួយ របស់ខេត្តក្រចេះ ប្រជាជនរស់នៅប្រកបមុខរបរដាំដុះ ការធ្វើដំណើរពិបាកខ្លាំងណាស់ ចំនួនគ្រួសារដែលប្រើប្រាស់អគ្គិសនីតិចតួចណាស់។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩មក ហេដ្ឋារចនាសម្ព័ន្ធស្រុកស្នួល មានការផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្តែង ផ្លូវលំដែលមានយានជំនិះធ្វើដំណើរជាបន្តបន្ទាប់គ្នា ពីកណ្តាលខេត្តទៅតំបន់ផលិតកម្ម និងទីលំនៅ។ នៅសងខាងផ្លូវជាជួរផ្ទះដ៏រឹងមាំ បំពាក់ដោយឧបករណ៍ប្រើប្រាស់យ៉ាងពេញលេញ ជាប់មន្ទីរពេទ្យ និងសាលារៀន...ប្រការទាំងនេះបាន និងកំពុងនាំមកនូវភាពរំភើបរីករាយ ដល់ប្រជាពលរដ្ឋនៅទីនេះ។

អ្នកស្រី ហួន ចន្ធី កម្មករក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Eastern Rubber បានឱ្យដឹងថា ការងារនៅក្នុងចំការនេះ គឺមិនមានភាពពិបាកនោះទេ សម្រាប់អ្នកស្រី ក៏ដូចជាកម្មករដទៃទៀត ជាក់ស្ដែងការងារដែលកំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជាដកស្មៅ ដាំស្មៅសម្រាប់គោ និងការងារកសិកម្មផ្សេងៗទៀត ។

អ្នកស្រីបន្តថា ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco ក៏ទទួលបាននូវការស្នាក់នៅដោយឥតគិតថ្លៃ ពោលគឺក្រុមហ៊ុនមានផ្ដល់ផ្ទះស្នាក់សម្រាប់កម្មករទាំងអស់ ទឹក ភ្លើង ក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មាន គឺខាងក្រុមហ៊ុនជាអ្នកចំណាយ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់ក៏ក្រុមហ៊ុនផ្ដល់ការថែទាំដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ ឬក៏កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លែផងដែរ ។

អ្នកស្រី សែម ចន្នី មកពីស្រុកឈូក ខេត្តកំពត បានចូលធ្វើការនៅក្នុងចំការរបស់ក្រុមហ៊ុនរយៈពេលជាង ២ឆ្នាំមកហើយនោះ បាននិយាយឱ្យដឹងថា អ្នកស្រីស្រលាញ់ពេញចិត្តនឹងការងារនៅក្នុងចំការនេះណាស់ ហើយគាត់ទំនងជាត្រូវធ្វើការនៅក្នុងក្រុមហ៊ុននេះយូរបន្តទៀត ពីព្រោះថាក្រុមហ៊ុនបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់រូបគាត់ ក៏ដូចជាកម្មករផ្សងៗទៀត។

អ្នកស្រីបានមកធ្វើការនៅក្នុងចំការនេះ ២នាក់កូនស្រី និងទទួលបានប្រាក់ខែសមរម្យ ដោយក្នុងម្នាក់អាចទទួលបានប្រាក់ខែជាធម្យមជាង ២០០ដុល្លារអាមេរិក និងមានប្រាក់ដំណាច់ឆ្នាំបន្ថែមផងដែរ។

អ្នកស្រីនិយាយថា «ខ្ញុំស្រលាញ់ក្រុមហ៊ុននេះ ខ្ញុំនឹងបន្តធ្វើការជាមួយក្រុមហ៊ុនយូរអង្វែងតទៀត ហើយខ្ញុំក៏សូមផ្ដាំផ្ញើចំពោះអ្នក ដែលមិនមានការងារធ្វើអាចមកធ្វើការ នៅក្នុងចំការរបស់ក្រុមហ៊ុន Thaco ពីព្រោះក្រុមហ៊ុនមានផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្រៅប្រាក់កម្រៃប្រចាំថ្ងៃ» ។

អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Thaco Agri ប្រចាំស្រុកស្នួលបានឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានចាប់ដំណើរការ រយៈពេលប្រមាណជាង ៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលិកប្រមាណ ៣ពាន់នាក់ ដោយបុគ្គលិកទាំងអស់ត្រូវបាន ក្រុមហ៊ុនផ្ដល់កន្លែងស្នាក់នៅ ការថែទាំសុខភាព ហើយសម្រាប់បុគ្គលិកកម្មករ នៅក្នុងក្រុមហ៊ុនដែលមានកូនៗ ឈានដល់អាយុចូលរៀន ក៏ក្រុមហ៊ុនបានបង្កើតសាលារៀននៅក្នុងចំការ និងផ្ដល់ការអប់រំដល់កូនៗ របស់កម្មករដោយមិនគិតថ្លៃ ។

គួរបញ្ជាក់ដែរថា ក្រៅពីការវិនិយោគអាជីវកម្ម ក្រុមហ៊ុនក៏ផ្តោតសំខាន់ទៅលើសុខុមាលភាពសង្គម ក្នុងតំបន់ផងដែរ។ ជាក់ស្ដែង កន្លងមកក្រុមហ៊ុនបានជួយ ដល់អាជ្ញាធរមូលដ្ឋានក្នុងការសាងសង់សាលារៀន មន្ទីរពេទ្យ វត្តអារាម...។ល។ ខណៈដែលទិសដៅរបស់ក្រុមហ៊ុន គឺជំរុញការអភិវឌ្ឍផ្សារភ្ជាប់ជាមួយនឹងការចែករំលែកផលលំបាក និងនាំមកនូវផលប្រយោជន៍ជាក់ស្តែង ជូនប្រជាពលរដ្ឋនៅទីនេះ៕