(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារសាលាយុត្តិធម្ម»។
«អគារសាលាយុត្តិធម៌» ជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរំលឹកពីដំណើរដើមទងដែលនាំមានការសាងសង់ «អគារសាលាយុត្តិធម្ម» នេះថា ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញ មានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជាមិនមានចំនួនសាលសវនាការគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការនៃការងារជាក់ស្តែងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេច ផ្តល់ដីមួយកន្លែងទំហំ ៩,៤៥៦ ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្តោយផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) និងបានអនុញ្ញាតមានការសាងសង់នូវ អគារសាលាយុត្តិធម្មថ្មី ដ៏ធំមួយនៅលើទីតាំងដីនេះ ដែលនឹងក្លាយជាកន្លែងបំពេញការងាររួមរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងអង្គការអយ្យការអមសាលាជម្រះក្តីទាំងពីរនេះ។
បើតាមលោក កើត រិទ្ធ បានឱ្យដឹងថា អគារសាលាយុត្តិធម្មថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារសាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយកតាមលំនាំអគារសាលាយុត្តិធម៌ ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្នជាអគារទីស្ដីការ ក្រសួងយុត្តិធម៌។
អគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កៃនេះ មានបណ្ដោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់ ៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣,០៣៥ម៉ែត្រក្រឡា ព្រមទាំងបំពាក់ប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។
ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤.៦លានដុល្លារអាមេរិក និងអនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា «វិមានយុត្តិធម៌» (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានផ្ទៃអគារប្រើប្រាស់ទំហំប្រមាណ ១២,០០០ម៉ែត្រក្រឡា (ធំជាងទីតាំងចាស់ជិត ២ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណ ៦,៧២១ម៉ែត្រក្រឡាប៉ុណ្ណោះ) និងមានសាលសវនាការចំនួន១២ (កើនឡើងចំនួន ៧សាលសវនាការ)។ ដោយឡែកសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទទួលបានផ្ទៃអគារសម្រាប់ប្រើប្រាស់សរុបប្រមាណ ៨,០០០ម៉ែត្រក្រឡា (ធំជាង ទីតាំងចាស់ ៥ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណតែ ១,៥៧៧ម៉ែត្រក្រឡាប៉ុណ្ណោះ) និងមានសាលសវនាការ ចំនួន៥ (កើនឡើង ២ សាលសវនាការ)។ ទន្ទឹមនេះ អគារថ្មីនេះ ក៏មានផ្ទៃសម្រាប់ប្រើប្រាស់រួមគ្នាចំនួន ២,៧១៩ម៉ែត្រក្រឡាផងដែរ ជាអាទិ៍ សហសាលដ៏ធំមួយដែលអាចផ្ទុកមនុស្សបានប្រមាណ ៣១៥នាក់ និងមានទីតាំង សម្រាប់ប្រើប្រាស់ជាឃ្លាំងរក្សាទុកឯកសារសំណុំរឿងផងដែរ។
បន្ទាប់ពីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្លាស់ប្ដូរមកទីតាំងថ្មីនេះរួច ទីតាំងចាស់របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានប្រគល់ឱ្យក្រសួងយុត្តិធម៌វិញ ដើម្បីក្រសួងជួសជុលអគារចាស់ និងកសាងអគារថ្មីបន្ថែម សម្រាប់ជាទីកន្លែងបំពេញការងាររបស់មន្ត្រីនៃក្រសួងយុត្តិធម៌៕