(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានិត នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា-បញ្ញវន្តក្មេងវត្ត ដោយបានបញ្ជាក់ថា យើងគ្រប់គ្នានៅទីនេះមានការងារ និងមកពីកន្លែងផ្សេងៗគ្នា តែយើងមានឆន្ទៈតែមួយ មានគោលដៅរួមគ្នា ដើរលើផ្លូវរួមគ្នា ថែរក្សាសុខសន្តិភាព ការពារ ផលប្រយោជន៍ជាតិ និងជំរុញការអភិវឌ្ឍ។
ក្រោយមតិស្វាគមន៍របស់លោកបណ្ឌិត ម៉ិញ បានកុសល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បញ្ញវន្តក្មេងវត្ត, លោក ហ៊ុន ម៉ានិត បានលើកឡើងថា តាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រួមទាំងយុវជន សុទ្ធតែទទួលបានផ្លែផ្កា និងទាញយកផលប្រយោជន៍ពីសុខសន្តិភាព។
ឈរលើគោលការណ៍គុណធម៌ សច្ចធម៌ ព្រហ្មវិហារធម៌ សូមកុំជាន់នរណាម្នាក់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាយុវជនម្នាក់ ត្រូវខំប្រឹងប្រែងដោយខ្លួនឯង បង្កើនសមត្ថភាពរបស់ខ្លួន បង្កើនមិត្តភាព និងសាមគ្គីភាព ចាប់ដៃគ្នា ដើម្បីផលប្រយោជន៍ជាតិ និងសង្គម។
លោក ហ៊ុន ម៉ានិត បន្តទៀតថា ក្នុងនាមជាយុវជន សូមយើងចងចាំឱ្យច្បាស់ថា នៅពេលដែលយើងគ្រប់គ្នាបានរីកលូតលាស់ទៅមុខហើយនោះ សូមកុំបំភ្លេចអ្នកដែលធ្លាប់ជួយយើង ធ្លាប់ដើរជាមួយយើង រួមសុខរួមទុក្ខ និងបង្ហាត់បង្ហាញផ្លូវឱ្យយើង នៅក្នុងដំណាក់កាលដ៏កម្សត់កម្រ។
លោកបានអរគុណដល់ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា-បញ្ញវន្តក្មេងវត្តទាំងអស់ ចំពោះការចូលរួមអនុវត្តគោលនយោបាយ និងមាគ៌ាគណបក្ស ខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋតាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ហើយតែងតែគាំទ្រ ជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕