(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសារុង៥៧៣សារុងជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
លោក ឃឹង នុភាព បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាភូមិ/ឃុំ ដែលជាអ្នកនៅស្និទ្ធស្នាល ដឹងពីរបៀបរបបរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។ ក្រុមការងារគណបក្សត្រូវធ្វើអំពើល្អកុំឱ្យមានការរើសអើងជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួន នោះយើងនឹងទទួលបាននូវការគាំទ្រយ៉ាងពិតប្រាកដចេញពីបេះដូងរបស់ប្រជាពលរដ្ឋ។
លោកបានកោតសរសើរខ្ពស់ដល់ក្រុមការងារគណបក្សក្នុងមូលដ្ឋាន ដែលបានខិតខំធ្វើសកម្មភាពគ្រប់បែបយ៉ាងក្នុងការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការស្វែងយល់នូវសុខទុក្ខ សុខុមាលភាពរបស់ពួកគាត់ និងការចុះជួយបានទាន់ពេលវេលា ជាពិសេសការខិតខំកសាងសមាជិកសមាជិកាគណបក្សថ្មីៗថែមទៀត។
លើសពីនេះទៀត លោកប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ ថ្លែងអំណរគុណសមាជិកសមាជិកាដែលបានផ្ដាច់ខ្លួនពីក្រុមគណបក្សផ្សេងៗ មករួមរស់ជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដែលស្ដែងឱ្យឃើញពីការគាំទ្រ និងគុណតម្លៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់រួមរស់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងដឹកនាំថែរក្សាសុខសន្តិភាពក៏ដូចជានាំឱ្យប្រទេសជាតិមានការអភិវឌ្ឍជាលំដាប់។
លោក ឃឹង នុភាព បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ទៅបោះឆ្នោតជូនគណបក្សគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត មានរូបទេវតាបាច់ផ្កា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា៕