(ព្រៃវែង)៖ លោក រី វុទ្ធី ដែលជាប្រជាកសិកររស់នៅក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងម្ចាស់កសិដ្ឋានមាគារ៍ជលសា ដែលសព្វថ្ងៃគាត់ប្រកបមុខរបរអាជីវកម្មចិញ្ចឹមកង្កែប និងចិញ្ចឹមត្រី បាននិងកំពុងទទួលបាននូវប្រាក់ចំណូលបានគួរសម ក្នុងមួយខែៗពីការចិញ្ចឹមសត្វកង្កែប និងការលក់នៅមេបាពូជកង្កែបសាច់។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះលោកបាននឹងកំពុងផ្គត់ផ្គង់កង្កែបសាច់ទៅលើទីផ្សារនៅក្នុងខេត្ត និងជាពិសេសទៅទីក្រុងភ្នំពេញដោយក្នុងមួយខែ អាចផ្គត់ផ្គង់បាន៥-៦តោន កង្កែបសាច់ ដោយក្នុងមួយគីឡូគាត់លក់ក្នុងតម្លៃប្រមាណ៦,៥០០រៀល។

លោកបានបន្ថែមថា ចំពោះផ្ទៃដីដែលលោករៀបចំចិញ្ចឹមកង្កែបនេះមានប្រមាណជាង៣ហិកតា ហើយការចិញ្ចឹមកង្កែបរបស់លោកនេះគឺប្រើរយៈពេល៧ឆ្នាំមកហើយ ដោយលោកចាប់ផ្ដើមការចិញ្ចឹមតាំងពីឆ្នាំ២០១៦មកម្ល៉េះ។

លោកបានលើកឡើងទៀតថា មិនត្រឹមតែជាអ្នកជំនាញក្នុងការចិញ្ចឹមកង្កែបលក់នោះទេ គាត់ក៏ជាគ្រូបង្រៀននៅជំនាញបច្ចេកទេសនៃការចិញ្ចឹមកង្កែបផងដែរ ប្រសិនបើប្រជាពលរដ្ឋ ប្រជាកសិករទាំងអស់ដែលគាត់មានបំណងចង់ចិញ្ចឹមកង្កែបតាមស្តង់ដាបច្ចេកទេសនោះ ឬក៏ប្រជាពលរដ្ឋដែលត្រូវការកង្កែបយកទៅធ្វើជាម្ហូប ដើម្បីលក់នៅក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន អាចទំនាក់ទំនងមកបានគ្រប់ពេលវេលា គឺនៅទីតាំងម្ចាស់កសិដ្ឋានមាគារ៍ជលសាក្នុងភូមិដុំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕