(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក។ ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន៣សំខាន់ គឺ៖ ទី១៖ កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ, ទី២៖ ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម និងទី៣៖ ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាន នៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត, ប្រទេសកម្ពុជាយើង កំពុងដើរនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ ដោយប្រជាពលរដ្ឋកំពុងទទួលនូវផលផ្លែផ្កា នៃសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់សង្គមជាតិ ព្រមជាមួយនឹងក្តីសង្ឃឹម និងជំនឿជឿជាក់ចំពោះអនាគតដ៏រុងរឿងនាពេលខាងមុខផងដែរ ជាពិសេសការរីកចម្រើនផ្នែកជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពសុខសាន្ត។

ជាក់ស្តែង ប្រទេសកម្ពុជា បានចាកចេញពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប តាំងពីឆ្នាំ២០១៥ និងកំពុងត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នាពេលដ៏ខ្លីខាងមុខនេះ ព្រមជាមួយនឹងចក្ខុវិស័យឆ្នាំ២០៣០ ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបន្ដថា បន្ថែមពីនេះ អ្វីដែលជាគោលដៅសំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបនោះ គឺជីវិត ក្រពះ និងកិត្តិយស៖ ទី១៖ ជីវិត គឺសំដៅដល់ការយកចិត្តទុកដាក់អំពីហានិភ័យផ្នែកសុវត្ថិភាព, សុខភាព និងបញ្ហាប្រឈមនានាដល់អាយុជីវិត ដូចជាជំងឺកូវីដ-១៩, ទី២៖ ក្រពះ គឺការស្វែងរកទាក់ទាញការវិនិយោគ, ការពង្រីកទីផ្សារ និងអភិវឌ្ឍសមត្ថភាពជំនាញ សំដៅបង្កើនឱកាស និងពង្រឹងគុណភាពផ្នែកការងារ ដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរឡើង, និងទី៣៖ កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាចិត្តធានានិរន្តរភាព នៃបរិស្ថានអំណោយផលសំខាន់ចំនួន៤ រួមមាន៖ ១៖ សន្តិភាព ស្ថិរភាព និងសន្តិសុខ, ២៖ សិទ្ធិសេរីភាព, ៣៖ បង្កើតការងារទាំងបរិមាណ និងគុណភាព និង៤៖ ការផ្តល់ការគាំទ្រ និងនិងពង្រឹងលទ្ធភាពក្នុងការទទួលបាននូវអត្ថប្រយោជន៍នានាសម្រាប់កម្មករ-និយោជិត៕