(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវដល់ពលរដ្ឋទាំងអស់ក្នុងទូទាំងខេត្តស្ទឹងត្រែងទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងសូមកុំជឿតាមឧបាយកលរបស់ជនខិលខូចមួយចំនួនដែលរំខានដល់ការបោះឆ្នោតជាតិ។
លើសពីនោះទៀត លោកក៏ប្រកាសបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តទៀត ដើម្បីទទួលបានការអភិវឌ្ឍ និងសន្តិភាពជានិច្ចនិរន្តរ៍ និងគាំទ្រយ៉ាងពេញទំហឹងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដែលមានទាំងចំណេះដឹង ពោរពេញដោយសមត្ថភាព ស័ក្តិសមជាអ្នកបន្តវេនបំផុត។
លោក ស្វាយ សំអ៊ាង អំពាវនាវនេះក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហម២ខ្សែ ប្រវែងសរុប១០,០០០ម៉ែត្រ (គម្រោងមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត) ឆ្លងកាត់ភូមិស្រែឫស្សី និងភូមិពាមខំ និងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុប១០,០០០ម៉ែត្រ (គម្រោងមូលនិធិឃុំ) ឆ្លងកាត់ភូមិស្រែឫស្សី ភូមិពាមខិ ភូមិកើតឡើង និងភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា នៅក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលក្រួសក្រហមក្នុងស្រុកសៀមប៉ាង ក៏មានវត្ថមានផងដែរ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ស្វាយ សំអ៊ាង បានលើកឡើងថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាពេលវេលាដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួនក្នុងសម្រេចចិត្តជ្រើសគណបក្សនយោបាយនិងមេដឹកនាំសម្រាប់ដឹកនាំប្រទេសតាមរយះការបោះឆ្នោត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នានាំទៅចូលរួមបោះឆ្នោត និងត្រូវសម្លឹងមើលជ្រើសរើសមេដឹកនាំនិងគណបក្សនយោបាយណា ដែលតែងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកអភិបាលខេត្តបានបន្តទៀតថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។ជាក់ស្តែងផ្លូវដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ គឺកើតឡើងពីការគិតគូយកចិត្តទុកដាក់របស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង៕