(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការចូលរួមរស់ជីវភាពនយោបាយរបស់សមាជិកបក្សជាមួយគណបក្សប្រជាជនកម្ពុជា គឺឆ្លើយតបទៅនឹងសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងចូលរួមបង្កើនកម្លាំងដ៏រឹងមាំដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅមុខបន្ថែមទៀត។
លោក សាយ សំអាល់ ថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា ឃុំព្រៃនប់ ស្រុកព្រៃនប់ ចំនួន៤០៤នាក់ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
លោក សាយ សំអាល់ បានឱ្យដឹងថា សុខសន្តិភាពដែលកម្ពុជាកំពុងមាននៅពេលនេះ បានចែកភោគផលទាំងឡាយដល់ប្រជាជនកម្ពុជា ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ខណៈខេត្តព្រះសីហនុបច្ចុប្បន្នបានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ជាក់ស្តែងសមិទ្ធផលថ្មីសន្លាងដែលបងប្អូនប្រជាពលរដ្ឋបានឃើញស្រាប់ គឺផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-ភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរទៅមក។
លោកប្រធានក្រុមការងារបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងស្មើមុខមាត់និងស្មើសិទ្ធិលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីពេលថ្មីកន្លងទៅនេះ គឺការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយទទួលបានជោគជ័យ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសដែលបានចូលរួមផងដែរ ។ ឯកឧត្តម សាយ សំអាល់ បានក្រើនរំឭកដល់ក្រុមការងារ សមាជិក-សមាជិកា ក្នុងមូលដ្ឋានខេត្តព្រះសីហនុទាំងអស់ត្រូវបង្កើនការរួបរួមសាមគ្គីភាពគ្នាក្នុងកម្រិតខ្ពស់ ដើម្បីរួមគ្នាប្រែក្លាយខេត្តប៉ូលសេដ្ឋកិច្ចទី២មួយនេះ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨៕