(កំពត)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់គោ ពពែ គួរប៉ានចំនួន៤០០ក្បាល សម្រាប់សម្លេះ និងផ្ទះចំនួន២ ខ្នង ជូនសាសនិកឥស្លាម នៅខេត្តកំពត និងខេតកែប ដែលពិធីនេះបានប្រព្រឹត្តទៅនៅភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ម៉ាត់ សេត តំណាងរាស្ត្រខេត្តកំពត អនុរដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលស្រុកទឹកឈូ សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ ប្រធានគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមខេត្តកំពត ព្រមទាំងហាកឹមតំណាងវិហារទូទាំងខេត្តកំពត និងខេត្តកែប និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋទាំងអស់គ្នា ដោយក្ដីនឹករលឹកជាទីបំផុត។
ជាមួយគ្នានេះ លោកក៏បានរំលឹកនូវសមិទ្ធផល ដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។
លោកបានឡើងទៀតថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមកម្ពុជា ក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានផ្តល់សិទ្ធិស្លៀកពាក់បែបសាសនាសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន។ល។
ជាចុងក្រោយ លោកបានរំលេច ពីការពីអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសលោកជំរុញឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តទទួលសុខសន្តិភាព និងការអភិវឌ្ឍទៅថ្ងៃខាងមុខទៀត។
គួរជម្រាបផងដែរថា ជំនួយដែលទទួលបានខាងលើ ទទួលបានមកពីសប្បុរសជននៃប្រទេសម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈគ្លីនិក ម៉ើត ឌុលសេត។
កាលពីថ្ងៃទី២៤ ខែមិថុនា ម្សិលមិញលោក រ៉ហ្វី អូស្មាន ក៏បានអញ្ជើញសំណេះសំណាល និងប្រគល់គោចំនួន១១០ក្បាល និងពពែ៤២ក្បាល ចែកជូនបណ្ដាខេត្តចំនួន៤ ដូចជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងក្រចេះ ជាជំនួយពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈសមាគមសប្បុរសធម៌ អាល់មុមីនីនកម្ពុជា សម្រាប់សម្លេះនៅថ្ងៃបុណ្យរ៉យ៉ាហាជ្ជី ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ៕