(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជាតិ ហើយផ្លូវជាសសៃឈាមសម្រាប់សេដ្ឋកិច្ច។
លោក សាយ សំអាល់ លើកឡើងនេះក្នុងឱកាសសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំ។
លោក សាយ សំអាល់ មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នខេត្តព្រះសីហនុបានក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្តត្រូវពន្លឿនឲ្យបានលឿនបំផុត ដូចដែលយើងបានឃើញមានស្រាប់ ក្នុងនោះមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក ភ្លើង ឲ្យស័ក្តិសមជាខេត្តជឿនលឿនក្នុងការទាកទាញវិនិយោគិនមកបណ្តាក់ទុនឲ្យកាន់តែច្រើន បង្កើតការងារឲ្យបានច្រើន និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជា។ ផ្លូវថ្នល់ជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ពិសេសផ្នែកដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្ត តំបន់មួយទៅតំបន់មួយ និងការសហការទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាងផងដែរ។
លោក សាយ សំអាល់ សូមឲ្យយកចិត្តទុកដាក់ចំពោះយុវជនស្វែងរកនូវចំណេះជំនាញខិតខំក្នុងការរៀនសូត្រ ដើម្បីក្លាយខ្លួនជាបញ្ញាវ័នក្នុងការចូលរួមចំណែកជាមួយសង្គមជាតិ គួបផ្សំសិក្សាបន្ថែមទៅលើភាសាបរទេសផងដែរ។ កាលណាយុវជនមានចំណេះជំនាញត្រឹមត្រូវ នោះធនធានមនុស្សកម្ពុជាក៏កាន់តែច្រើន រកការងារធ្វើក៏កាន់តែស្រួល ក្នុងនោះក៏ត្រូវគិតគូរចំពោះនារីដែលជាផ្នែកមួយសំខាន់ក្នុងកាតផ្គត់ផ្គងគ្រួសារ កិច្ចការងារសង្គម និងជាផ្នែកមួយមិនអាចខ្វះ ព្រោះស្រ្តីជាឆ្អឹងខ្នងនៃប្រទេសជាតិ ខណៈប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយគណប្រជាជនកម្ពុជា ដាក់ចេញនូវយុទ្ធសាស្រ្តលើស្ទួយស្រ្តី។
លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ឲ្យសមាជិក-សមាជិកា សិក្សាស្វែងយល់កាន់តែច្បាស់គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលប្រកាន់ជំហររឹងមាំក្នុងការដឹកនាំប្រទេស រក្សាបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ដែលមិនមានគណបក្សនយោបាយណាអាចប្រៀបប្រដូចបាន។
លោក សាយ សំអាល់ បានថ្លែងអំណរគុណចំពោះក្រុមការងារចុះជួយស្រុកព្រៃនប់ ដែលតែងចុះជាប់ជាមួយសមាជិក-សមាជិកា ពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានអំពាវនាវឱ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨៕