(កំពង់ចាម)៖ លោក ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹកដែលបានស្តារប្រវែង១៤៥០ម៉ែត្រ ជូនប្រជាកសិករចំនួន៦៣៥គ្រួសារ ដែលមានដីស្រែចំនួន៤៥៧ហិកតា នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ភ្ជាប់ជាមួយការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង២,០០០នាក់ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី នៅវត្តផ្តៅជុំ ក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ប្រជាកសិករចំនួន៦៣៥គ្រួសារ នៅឃុំផ្តៅជុំ បានដាក់សំណើរតាមរយៈក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ជួយស្តារប្រឡាយទឹកប្រវែង១,៤៥០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាប្រឈមដំណាំស្រូវរបស់ប្រជាពលកសិករក្នុងភូមិចំនួន៣ នៅក្នុងតំបន់ខាងជើងនៃឃុំផ្តៅជុំ។ តបតាមសំណើររបស់ប្រជាកសិករ ក្រុមការងារជនបង្គោលបានបើកការដ្ឋានស្តារប្រឡាយទឹកនេះ រហូតបានរួចរាល់ជាស្ថាពរ ដែលប្រឡាយទឹកនេះនឹងជួយសម្រួលដល់ការរំដោះទឹកជំនន់នារដូវវស្សា កុំឲ្យជន់លិចដីស្រែ និងដំណាំស្រូវប្រជាកសិករទាំងបីភូមិ ហើយនារដូវប្រាំង ប្រឡាយនេះប្រើប្រាស់ជាផ្លូវនាំទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវប្រជាកសិករផងដែរ។
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ដដែល លោក ម៉ឹង មករា ក៏បានចូលរួមដឹកនាំសកម្មភាពក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមការងារជនបង្គោលចុះជួយស្រុកជើព្រៃ ដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួនជាង២,០០០នាក់ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី នៅក្នុងវត្តផ្តៅជុំ ឃុំផ្តៅជុំ។
សកម្មភាពចុះពិនិត្យព្យាបាលជំងឺប្រជាពលរដ្ឋដល់មូលដ្ឋានសបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់បំផុតអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពគឺជាកត្តាចំបងបំផុតដែលអាចឲ្យបុគ្គលម្នាក់ៗ មានលទ្ធភាពចូលរួមអភិវឌ្ឍន៍កិច្ចការងារសេដ្ឋកិច្ចសង្គម ជាពិសេសការជួយសេដ្ឋកិច្ចគ្រួសាររបស់ខ្លួនឲ្យមានភាពរីកចម្រើនទៅបាន លុះត្រាតែមានសុខភាពល្អ។
ឆ្លៀតឱកាសសំណេះសំណាលនេះដែរ លោក ម៉ឹង មករា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាចបង្កបង្កើនផលមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ ទទួលបានសេវាពិនិត្យព្យាបាលជំងឺមានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោក ម៉ឹង មករា ក៏បានលើកទឹកចិត្តនឹងស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដាខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីបន្តគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណិតទី៧ ដើម្បីដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍៕