(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំលះបង់គ្រប់បែបយ៉ាងធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាព ព្រមទាំងបានបន្តអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ។

ថ្លែងក្នុងពិធីចែកចំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាប្រមាណ៦០គ្រួសារ មកពីភូមិចំនួន៤ ក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅសាលាឃុំសាត់ពង ស្រុកឈូក ខេត្តកំពត។

ទន្ទឹមនេះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ក៏បានថ្លែងបន្តថា ក្រោមម្លប់នៃសុខសន្តិភាព សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើនសម្រាប់ជួយពលរដ្ឋ។

លោកស្រីបានបន្តថា ក្រោយពីសម្តេចតេជោរកបានមកនូវសុខសន្តិភាពពេញលេញទូទាំងប្រទេសរួចហើយ សម្តេចនៅតែបន្តគិតគូរជានិច្ចនូវសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយសម្រាប់ជួយដល់ពលរដ្ឋជាច្រើន ហើយបានណែនាំដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវចុះជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបានដឹងពីសុខទុក្ខ តម្រូវការ និងការខ្វះខាតផ្សេងៗរបស់ពលរដ្ឋ ដោយមិនត្រូវទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

លោកស្រីប្រធានកិត្តិយសសាខាសមាគមបានបញ្ជាក់ទៀតថា ដោយឡែកខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន លោកតែងតែគិតគូជានិច្ចនូវរាល់ទុក្ខលំបាក និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត តាមយន្តការដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក្នុងនោះលោកអភិបាលខេត្តតែងតែឆ្លៀតពីការងារដ៏មមាញឹក ដើម្បីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏ដូចជាផ្តល់នូវអំណោយជាគ្រឿងឧបភោគបរិភោគទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងចាស់ជរាផងដែរ។

លោកស្រីក៏បាននាំយកអំណោយរបស់លោក ម៉ៅ ធនិន និងអំណោយរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចែកជូនពលរដ្ឋងាយរងគ្រោះ និងចាស់ជរាចំនួន៦០គ្រួសារ ដោយមួយគ្រួសាៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកា៣ម៉ឺនរៀល។

បន្ទាប់ពីជួបសំណាលរួចមក លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចាស់ជរាតាមខ្នងផ្ទះ និងបន្តសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឈូក ក្នុងនោះមានអ្នកជំងឺសម្រាកព្យាបាលចំនួន២៣នាក់ ស្ត្រីសំរាលកូន៣នាក់ស្រ្តីសម្រាលដោយវះកាត់ចំនួន៣នាក់ និងស្ត្រីរង់ចាំសម្រាលចំនួន២នាក់ ដោយបានផ្តល់អំណោយជាសារុង និងថវិកាមួយចំនួនផងដែរ។

លោកស្រីប្រធានកិត្តិយសសាខាសមាគមក៏បានផ្តល់ជូននូវបង្គោលភ្លើង និងភ្លើងសូឡាចំនួន១០សម្រាប់ជូនដល់អាជ្ញាធរភូមិសត្វពង ដើម្បីប្រើប្រាស់បំភ្លឺតាមផ្លូវក្នុងភូមិផងដែរ៕