(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកស្រី ជា ខេង ស៊ុយសែម នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការរួមគ្នា រង្វង់មូលដំរី៥០៥, សួនច្បារគោព្រៃ និងរូបសំណាកព្រះគណេស ស្ថិតនៅក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណជាង៤០០លានរៀល។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណរង្វង់មូលដំរី៥០៥ ដោយបានការចូលរួមពី លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ, លោកបណ្ឌិត ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់, លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាម លោក វង្ស អេង អភិបាលស្រុកវាលវែង បានឱ្យថា ដោយមានគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកបណ្ឌិត ទី ថានី និងដោយមានការចូលរួមជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំ និងព្រឹទ្ធាចារ្យនៅក្នុងស្រុកវាលវែងផងនោះ, លោកបានផ្ដើមគំនិតអនុវត្ត តាមពាក្យស្លោករបស់ព្រឹទ្ធាចារ្យ អួន យ៉ង់ គឺ «សាមគ្គី១០ ជ័យជំនះ១០»។ លោកបានបន្ថែមថា មូលហេតុដែលនាំឲ្យលោកបណ្ឌិត ទី ថានី ផ្តួចផ្តើមគំនិតជួសជុលរង្វង់មូលដំរី៥ ដើម្បីបន្ថែមដំរី ចំនួន៥០០ ឲ្យគ្រប់ចំនួន៥០៥ កាន់តែមានសោភ័ណ្ឌភាពបន្ថែមទៀតនោះ គឺមកពី៖
ទី១-លោកយល់ឃើញថា សត្វដំរីគឺជាសត្វ ដែលកម្រមានមាឌធំ ស្លូតបូត សាមគ្គីភាពគ្នា ចេះជួយគ្នា មិនចោលគ្នា អង់អាចក្លាហាន ជាពិសេសមានភាពត្រជាក់ត្រជុំសុខុដុមរមនា។
ទី២-ដោយសារភូមិសាស្ត្រស្រុកវាលវែង ដែលមានផ្លូវជាតិ៥៥ កាត់ប្រសពគ្នាជាមួយផ្លូវជាតិលេខ១០ ត្រង់រង្វង់មូល ៥០៥ ឆ្ពោះទៅកាន់ឃុំទាំង៥ នៃស្រុកវាលវែង។
ទី៣-ស្រុកវាលវែង មានឈ្មោះភ្នំ១៥០០ ព្រមទាំងមានផ្លូវអន្ទង់អាំង ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រសិទ្ធនាមថា «ផ្លូវបុប្ផាលាក់ខ្លួន មានកេរ្តិ៍ឈ្មោះបោះសម្លេង ល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស ដែលមានទេសភាពធម្មជាតិ ស្រស់ស្អាតគ្មានពីរ ប្រៀបដូចជានៅលើឋានសួគ៌។
ទី៤-ស្រុកវាលវែង មានចំនួន៥ឃុំ ហើយឃុំនីមួយៗមានក្រុមប្រឹក្សាឃុំ ចំនួន៥នាក់
ទី៥-ស្រុកវាលវែង មានអភិបាលនៃគណៈអភិបាលស្រុក ដឹកនាំចំនួន៥ជំនាន់ ហើយបច្ចុប្បន្ននេះ ជាអភិបាលនៃគណៈអភិបាលស្រុក ជំនាន់ទី៥ផងដែរ។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានបញ្ជាក់អំពីការចាប់ផ្តើមកសាងកែលម្អ រង្វង់មូលខាងលើនេះ ពោលគឺចាប់ពីខែមេសា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ សរុបថវិកាចំណាយក្នុងការជួសជុលកែលម្អររង្វង់មូលដំរី៥០៥ និងកម្មវិធីសម្ភោធ អស់ថវិកាចំនួន៣៩៩,០០០,០០០រៀល នៅខ្វះថវិកាចំនួន១១៤,៨៨២,០០០រៀល ដែលបានមកពីការចូលរួមរបស់សប្បុរសជន គ្រប់មជ្ឈដ្ឋាន។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ជាតំបន់ដាច់ស្រយាលមួយពីអតីតកាល និងជាសមរភូមិសង្គ្រាមមួយ តែនៅពេលនេះបាននិងកំពុងក្លាយទៅជាតំបន់ដែលមានសក្តានុពលខ្ពស់ លើវិស័យទេសចរណ៍ និងកសិកម្ម បន្ទាប់ពីផ្លូវជាតិមួយខ្សែ គឺផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់រួចរាល់ ក៏ដូចជាផ្លូវជាតិលេខ១០ បាននឹងកំពុងសាង់សង់។ បច្ចុប្បន្ននេះស្រុកវាលវែង គឺជាកន្លែងទេសចរណ៍ដែលមានទឹកជ្រោះ និងជួរភ្នំដ៏ទាក់ទាញ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់នោះ មានកម្រិតធូរធារយ៉ាងខ្លាំង ពិសេសក្រោយពេលដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ លោកបានស្នើដល់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ផ្ទះសំណាក់ រីសត បឹងហ្កាឡូ និងភោជនីយដ្ឋាននានា សូមយកចិត្តទុកដាក់ខ្ពស់ ទាំងអនាម័យ បរិស្ថាន និងតម្លៃ លើការផ្តល់សេវារបស់ខ្លួន ដើម្បីជាការទាក់ទាញ់ដល់ទេសចរ ឱ្យមកលេងកម្សាន្តកាន់តែច្រើនឡើងៗ។

លោក ស៊ុយ សែម បានលើកឡើងថា យើងរស់ក្រោមដំបូលសន្តិភាព ដែលមានរាជរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ និងជ្រកក្រោមម្លប់ព្រះមហាក្សត្រតែមួយសព្វថ្ងៃនេះ ដោយសារសម្ដេចតេជោ ហ៊ុន សែន យកជីវិតធ្វើជាដើមទុន នាំមកនូវសន្តិភាពជូនប្រទេសជាតិ និងប្រជាជនយើង។ លោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមកសាងសមិទ្ធផលខាងលើនេះឡើង សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមតកូនតចាំទៅអនាគត។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ដែលរស់នៅក្នុងសង្គម៕