(ភ្នំពេញ)៖ ស្របពេលមានកម្មការិនីឈឺពោះឆ្លងទន្លេ នាកម្មវិធីសំណេះសំណាលរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាមួយកម្មករ/កម្មការិនីនៅក្រុងបាវិតនោះ នាថ្ងៃទី២៥ ខែមិថុនាដដែលនេះ ក៏មានកម្មការិនីម្នាក់ឈឺពោះឆ្នងទន្លេក្នុងពិធីសំណេះសំណាលជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នាឱកាសដ៏វិសេសវិសាលក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិក ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមិថុនា មានកម្មការិនីផ្ទៃពោះឈ្មោះ ផាន់ ស្រីនាង អាយុ៣២ឆ្នាំ ធ្វើការនៅរោងចក្រ អិកស៍អូ ថិច អ៉ិនដាស្រ្ទីយ​ បានឈឺពោះអំឡុងពេលកម្មវិធី និងត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកសម្រាលដោយវះកាត់នៅមន្ទីរពេទ្យរុស្ស៉ី បានកូនស្រី (កូនទី៤)។

ក្រោយទទួលបានដំណឹងនេះភ្លាម លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះគ្រួសារកម្មការិនី ផាន់ ស្រីនាង ដែលទទួលបាននូវសមាជិកថ្មី និងបានចាត់បញ្ជូនក្រុមការងារនាំយកថវិកាផ្ទាល់របស់លោក ហ៊ុន ម៉ាណែត និងលោក្រី ពេជ ចន្ទមុន្នី ចំនួន៥,០០០,០០០រៀល ប្រគល់ជូនផងដែរ។

គួរជម្រាបថា នាថ្ងៃទី២៥ ខែមិថុនាដដែលនេះ ក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោ ហ៊ុន សែន នៅក្រុងបាវិត ខេត្តស្វាយរៀង ក៏មានកម្មការិនីម្នាក់បានឈឺពោះឆ្លងទន្លេនៅមុនពេលចាប់ផ្ដើមកម្មវិធីបន្តិច ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអន្តរាគមន៍ជួយសម្រាលជូន ខណៈបច្ចុប្បន្នទាំងម្ដាយនិងកូនស្រីគឺមានសុខភាពល្អធម្មតា៕