(ភ្នំពេញ)៖ ផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្ដាល នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិត ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣,៦៩៧នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈទាំង៥មូលដ្ឋានក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណចលនាយុវជន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថាការសម្រេចចិត្តរបស់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីទាំង ៣,៦៩៧នាក់ ក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតនាពេលនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សដែលតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ និងបានកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រក្សាបាននូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមយ៉ាងពិតប្រាកដជូនជាតិ និងប្រជាជន។

លោកបណ្ឌិតសភាចារ្យក៏បានផ្ដាំផ្ញើដល់សមាជិក-សមាជិកាគណបក្សទាំងអស់ត្រូវបន្តចូលរួមគ្រប់សកម្មភាព និងថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស ដើម្បីបន្តពូនជ្រុំកម្លាំងគាំទ្រគណបក្សឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានលើកឡើងពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលកាន់តែខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ គ្រឹះស្ថានសិក្សាបាននិងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តកិច្ចសហការ និងសម្របសម្រួលជាមួយបណ្តាអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រង និងថែទាំទាំងខាងនយោបាយ និងសតិអារម្មណ៍ ចំពោះសមាជិកគណបក្សដែលមានស្រាប់ ព្រមទាំងបន្តជំរុញការពង្រីកសមាជិកថ្មីក្នុងជួរយុវជន ក្នុងនោះផ្នែកបានកំណត់នូវទិសដៅភារកិច្ចសំខាន់ៗ។

លោកបានបន្តទៀតថា គ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល លោកសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តចំពោះសមាជិក-សមាជិកាក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំង៥មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ សរុបចំនួន៣,៦៩៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន១,២៦៧នាក់, សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៧១២នាក់, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥០០នាក់, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៧០០នាក់ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញចំនួន៥១៨នាក់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលមករួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា និងវិមានដ៏ស្កឹមស្កៃ។

តាមរយៈវេទិកាក្នុងថ្ងៃនេះ លោក មាន ចាន់យ៉ាងដា បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ព្រមទាំងអំពាវនាវនិងនាំបងប្អូនសាច់ញាតិ មិត្តភក្តិ សហការីឱ្យពិនិត្យឯកសារសម្រាប់បម្រើដល់ការបោះឆ្នោត ហើយត្រូវទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង៕