(ព្រៃវែង)៖ លោកបណ្ឌិត ស្ដើង សុខុម បានចាត់ទុកការទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការធានាសេចក្តីសុខ សេចក្តីចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។ ការអះអាងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមេគ្រួសារ និងមន្ត្រីបក្សចំនួន ៣,១០៨នាក់ នៅឃុំក្របៅ និងឃុំស្មោងត្បូង នៃស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីជម្រាបជូនពីដំណើរការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកកំចាយមារ លោកបណ្ឌិត ស្ដើង សុខុម បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ជាពិសេសម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង់ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជាជូនចំពោះប្រជាពលរដ្ឋមេគ្រួសារបក្សទាំងពីរឃុំផងដែរ។
ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ លោកបណ្ឌិត ស្ដើង សុខុម បានអះអាងថា សេចក្ដីសុខ សេចក្ដីចម្រើន ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយបំណងប្រាថ្នានេះអាចសម្រេចទៅបាន ដរាបណាប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ ក្នុងនោះប្រជាពលរដ្ឋម្នាក់មានតួនាទីសំខាន់ក្នុងការកសាងសេចក្ដីសុខ សេចក្ដីចម្រើននេះ តាមរយៈការទៅបោះឆ្នោត ដើម្បីបំពេញតួនាទីជាម្ចាស់សិទ្ធិ ម្ចាស់អំណាចក្នុងសង្គមប្រជាធិបតេយ្យ។
លោកបណ្ឌិតអះអាងថា ការជ្រើសរើសបានត្រឹមត្រូវក្នុងការបោះឆ្នោតឱ្យគណបក្សណាមួយ ជាចំណែកដ៏សំខាន់ក្នុងដំណើរការកសាងជោគវាសនាអនាគតរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ស្ដើង សុខុម សង្កត់ធ្ងន់ថា៖ «គណបក្សប្រជាជនកម្ពុជា តាំងចិត្តធានាឱ្យបានសុខសន្តិភាព មិនឱ្យមានសង្គ្រាមជាថ្មី ដើម្បីធ្វើការអភិវឌ្ឍ ហើយការអភិវឌ្ឍដើម្បីប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា បើពលរដ្ឋរីកចម្រើន នោះសង្គមជាតិមានការរីកចម្រើន។ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានាសេចក្តីសុខ សេចក្តីចម្រើនរបស់យើងទាំងអស់គ្នា»។
បើតាមលោកបណ្ឌិតបានបន្តថា ការឃោសនានយោបាយអាចឱ្យប្រជាពលរដ្ឋបានឮ។ ប៉ុន្តែការមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ មានកម្មវិធីនយោបាយច្បាស់លាស់ និងសម្បូរធនធានជាពិសេសធនធានមនុស្សល្អមានសមត្ថភាព បានធ្វើឱ្យពលរដ្ឋមានក្ដីសង្ឃឹម។ ហើយការធ្វើសកម្មភាពពិតប្រាកដ ដោយបានបង្កើតស្នាដៃ កសាងសមិទ្ធផលជាក់ស្ដែងសម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់។
លោកបណ្ឌិតអះអាងថា ចាប់ពីបដិសន្ធិមករហូតមកដល់ពេលនេះ គឺមានរយៈពេល ៧២ឆ្នាំហើយ ដែលគណបក្សប្រជាជនកម្ពុជា តែងបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈទាំងអស់ ។ បច្ចុប្បន្នមិនទាន់មានគណបក្សណា មានគុណសម្បត្តិប្រៀបជាមួយគណបក្សប្រជាជននោះឡើយ។ ជាអាទិ៍គុណសម្បត្តិនៃការសង្គ្រោះជាតិ និងប្រជាជនពីការកាប់សម្លាប់ដោយដឹកនាំចលនាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ៧មករាឆ្នាំ១៩៧៩, គុណសម្បត្តិនៃកសាងប្រទេសពីចំណុចសូន្យរហូតមានការរីកចម្រើនគ្រប់វិស័យដូចបច្ចុប្បន្ន ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពកាន់តែប្រសើរ ព្រមទាំងគុណសម្បត្តិក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ឧទាហរណ៍ជាក់ស្ដែង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពុះពារ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រយុទ្ធប្រឆាំងវិបត្តិជំងឺកូវីដ-១៩ ស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋតាមរយៈការខិតខំរកវ៉ាក់សាំងបង្ការចាក់ជូនប្រជាពលរដ្ឋ និងការខិតខំព្យាបាលប្រជាពលរដ្ឋដោយមិនគិតពីការលំបាកនោះឡើយ។
«សមិទ្ធផល និងគុណសម្បត្តិទាំងអស់នេះ បានកើតឡើងរួចហើយ មិនមែនគ្រាន់តែជាការសន្យានោះឡើយ។ គណបក្សប្រជាជនកម្ពុជាបានធ្វើរួចហើយ និងបន្តធ្វើតទៅទៀត ឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ»។ លោកបណ្ឌិត ស្ដើង សុខុម បញ្ជាក់។
បើតាមលោកបណ្ឌិត ទោះបីជាកម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍឥតឈប់ឈរ ដោយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការក្នុងតំបន់ និងអន្តរជាតិយ៉ាងណាក៏ដោយប៉ុន្តែគណបក្សប្រជាជននៅតែមិនទាន់ស្កប់ស្កល់នៅឡើយទេ។ គណបក្សប្រជាជនកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ប្រសិនបើប្រជាពលរដ្ឋសម្រេចចិត្តបានត្រឹមត្រូវក្នុងការបោះឆ្នោតនាថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោកយល់ថា នោះប្រាកដជាសង្គមជាតិបន្តមានសេចក្ដីសុខ មានសន្តិភាព ហើយផ្ដល់ឱកាសដល់ប្រទេសកម្ពុជាបន្តការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។
លោកបណ្ឌិត ស្ដើង សុខុម អះអាងថា «ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាការទទួលស្គាល់ និងដឹងគុណគណបក្សដែលតែងជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយក៏ជាការបោះឆ្នោតដ៏ត្រឹមត្រូវ និងមានតម្លៃបំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗក្នុងភាពជាម្ចាស់ប្រទេស និងជាម្ចាស់នៃជោគវាសនារបស់ខ្លួន ព្រោះជាគណបក្សដែលប្រជាពលរដ្ឋស្គាល់ច្បាស់ ហើយតែងតែនៅជាមួយប្រជាពលរដ្ឋ និងជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។
ដូច្នេះក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំចាយមារ លោកបណ្ឌិតបានអំពាវដល់ពលរដ្ឋទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ ចុងក្រោយគេបង្អស់នៃសន្លឹកឆ្នោតងាយស្រួលក្នុងការចំណាំឱ្យបានគ្រប់ៗគ្នានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋជាមេគ្រួសារបក្សទាំងអស់ ក៏បានប្ដេជ្ញានាំសមាជិកគ្រួសារទៅបោះឆ្នោតគ្រប់ៗគ្នា ដើម្បីណ្ដើមយកសំឡេងឆ្នោតលើសលប់ជូនគណបក្សប្រជាជនកម្ពុជា។ ចុងបញ្ចប់ពិធីសំណេះសំណាល លោកបណ្ឌិតប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំក្របៅ និងឃុំស្មោងខាងត្បូង ក៏បានឧបត្ថម្ភមេគ្រួសារបក្សម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន ១០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ លោកបណ្ឌិត ស្ដើង សុខុម ក៏បានដឹកនាំកិច្ចប្រជុំចង្អៀតត្រៀមលក្ខណៈឆ្ពោះទៅបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងពិភាក្សាពង្រឹងផែនការចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីណែនាំបន្ថែមពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ និងបានប្រគល់អង្ករចំនួន៩តោន ជាអំណោយដ៏ថ្លៃរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវជូនដល់គណបក្សស្រុក និងបណ្ដារឃុំទាំង៨ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ទូទាំងស្រុកកំចាយមារ។
បន្ទាប់មកលោកបណ្ឌិតប្រធាន រួមទាំងក្រុមការងារក៏បានអញ្ជើញពិនិត្យដំណើរការសាងសង់ផ្លូវបេតុងថ្មី និងពង្រីកផ្លូវចាស់ដែលមានប្រវែងសរុប ១,៥៤៧ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងស្អាត ឃុំក្របៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងចុះពិនិត្យដំណើរការសាងសង់អគារសិក្សា១ខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ នៅសាលាបឋមសិក្សាព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ដែលកំពុងដំណើរការសាងសង់ផងដែរ៕