(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១គណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតរោងចក្រ សហគ្រាសក្នុងនិងក្រៅប្រព័ន្ធទូទាំងស្រុកលើកដែកសរុបប្រមាណ១,៨៥២នាក់ នៅបរិវេណរោងចក្រវិនសេដហ្កាមេន ក្នុងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
នាឱកាសនេះមានការចូលរួមយ៉ាងច្រើនកុះកររួមមាន លោក ហេង រតនា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្នុងឃុំទាំងប្រាំពីរក្នុងស្រុកលើកដែក ព្រមទាំងអភិបាលស្រុកលើកដែក សមាជិក សមាជិកាគណៈកម្មាធិការបក្សក្នុងជួរគណបក្សស្រុក-ឃុំ កងកម្លាំងទាំងបី មន្រ្តីរាជការ លោកមេឃំគ្រប់ឃុំ និវត្តជន និងអតីតយុទ្ធជន។
ក្នុងរបាយការណ៍បានឱ្យដឹងថា រោងចក្រ សហគ្រាស សិប្បកម្ម ធុនតូច ធំ មានចំនួន៤៩ទីតាំង ក្នុងនោះរោងចក្រកាត់ដេរខ្នាតតូចមាន១១ទីតាំង សិប្បកម្មកាត់ដេរខ្នាតមធ្យមមាន២ទីតាំង និងមានសិប្បកម្មតូចៗផ្សេងទៀតជាលក្ខណៈគ្រួសារចំនួន៣៦ទីតាំង ដែលមានសង្វាក់ផលិតកម្មជា បរិក្ខាពេទ្យ និងកាត់ដេរ។
ក្រោយពីបានស្តាប់នៅរបាយការណ៍ខាងលើរួចមក លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានសម្តែងនូវអំណរគុណជូនប្រជាពលរដ្ឋ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មន្រ្តីមូលដ្ឋានបក្សគ្រប់ថ្នាក់ទាំងអស់ដែលបានពលីគ្រប់បែបយ៉ាង ដើម្បីរួមចំណែករក្សាការពារសន្តិភាព និងកសាងសេដ្ឋកិច្ចសង្គមឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។
លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី មានការយកចិត្តទុកដាក់ និងប្រឹងប្រែងស្វែងរកការងារជូនប្រជាពលរដ្ឋខ្លាំងណាស់ ដោយបានកៀគរវិនិយោគិនជាច្រើនពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ និងបង្កើតច្បាប់ សំដៅធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលទាំងអ្នកវិនិយោគ និងកម្មករ កម្មការិនី និយោជិត។
លោកស្រីបានបន្តថា ផ្តើមចេញពីហេតុផលនេះហើយ ទើបនៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រាយរោងចក្រចុះទៅតាមខេត្ត ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ការងារនៅជិតផ្ទះរបស់ប្រជាពលរដ្ឋ។ សព្វថ្ងៃនេះ ខេត្តកណ្តាលជាខេត្តទី៣ដែលបានក្លាយជាខេត្ត មួយនៃគោលដៅវិនិយោគ រោងចក្រ សហគ្រាស និងទទួលបានផលប្រយោជន៍ពីនយោបាយពង្រាយរោងចក្រ។
ជាមួយនឹងគោលនយោបាយនេះ សម្តេចតេជោបានគិតគូរបន្ថែមអំពីប្រាក់ឈ្នួល ដែលបានដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបដល់ចំនួន២០០ដុល្លាក្នុងមួយខែហើយបើបូកជាមួយប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗទទួលបាន ប្រាក់ឈ្នួលជាមធ្យមចាប់ពី ២១៧ ទៅ ២៥៩ ដុល្លាអាមេរិកក្នុងមួយ ខែ ដែលខុសពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បរមាមានចំនួនែត ៤០ដុល្លាអាមេរិកប៉ុណ្ណោះ ហើយបងប្អូនកម្មករនិយោជិតមិនបានទទួលប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែមពីលើប្រាក់ឈ្នួលដូចបច្ចុប្បន្នឡើយ។
លោកស្រីបានរំលឹកឡើងវិញកាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស។ ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាមរោងចក្រ សហគ្រាសនេះ សម្តេចតេជោមានគោលដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី ហើយឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោចង់បង្កើតឱ្យមានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ផលិតកម្មកាត់ដេរ និងវាយណភណ្ឌនៅកម្ពុជា។
ទន្ទឹមនឹងនេះដែរ លោកស្រីក៏បានបញ្ជាក់ជូនដោយសង្ខេបពីសភាពការណ៍ពិភពលោកក្នុងពេលបច្ចុប្បន្នដែលមានភាពស្មុគស្មាញ និងកំពុងវិវត្តប្រប្រួលយ៉ាងឆាប់រហ័ស គ្មានលក្ខណៈប្រាកដប្រជា មិនអាចទាយទុកមុនបាន ជាពិសេសការកើនឡើងនូវនយោបាយឯកតោភាគីនិយម វិបត្តិជំងឺរាតត្បាតសកលកូវីត-១៩ និងបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ជាហេតុធ្វើឲ្យប្រទេសផ្សេងៗត្រូវប្រឈមមុខ។ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងទទួលរងបញ្ហាប្រឈមជាច្រើនមានដូចជា បញ្ហាអាកាសធាតុ បញ្ហាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម និងព័ត៌មានក្លែយក្លាយជាដើម។ លោកជំទាវក៏បានជម្រុញឲ្យសមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្ននូវឧបាយកលញ៉ុះញ៉ង់ទាំងឡាយតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលជាល្បិចញ៉ុះញ៉ង់ បង្កទៅជាអស្ថិរភាព ចលាចល អសន្តិសុខសង្គមពីក្រុមជនប្រឆាំងជ្រុលនិយមរបស់គណបក្សសង្គ្រោះជាតិ ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ លោកជំទាវបានលើកឡើងថា
សព្វថ្ងៃនេះប្រព័ន្ធបច្ចេកវិទ្យាមានភាពទំនើបខ្លាំងដែលអាចអោយមនុស្សតរភ្ជាប់ ធ្វើការប្រាស្រ័យទាក់ទងគ្នាបានយ៉ាងងាយស្រួល។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួលនេះ ប្រព័ន្ធបច្ចេកវិទ្យាក៏ជាមធ្យោបាយសម្រាប់ការរធ្វើប្រជាភិថុត តាមរយៈការចែកចាយរូបភាពខ្លឹមសារ ឬយុទ្ធនាការអសន្តិសុខដល់សង្គមផ្សេងៗ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមពួកជ្រុលនិយមបក្សប្រឆាំង ឬអ្នកនយោបាយក្បត់ជាតិ៣ជំនាន់ តាមរយៈខិត្ដបណ្ណ រូបភាព ឬស្ប៉តឃោសនានានា ក្នុងបណ្ដាញព័ត៌មានសង្គម បានអុជអាលកុំអោយប្រជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត ឬបើទៅត្រូវគូសសន្លឹកឆ្នោតចោល ដែលនេះជាការបំផ្លាយសិទ្ធពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង។
លោកស្រីកិត្តិសង្គហបណ្ឌិត បានសង្ឃឹមថា ក្រុមការងារគណបក្សគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋានស្រុកលើកដែក នឹងបន្តរួមគ្នាអនុវត្តឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពនូវផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខនេះ។ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ សូមអញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ពីព្រោះជាឱកាសតែមួយគត់ រៀងរាល់៥ឆ្នាំម្តង ដើម្បីជ្រើសរើសថ្នាក់ដឹកនាំរបស់យើង ដើម្បីបន្តដឹកនាំ អភិវឌ្ឍ ប្រទេសជាតិនិងជាប្រយោជន៍សម្រាប់អនាគតយើងផ្ទាល់។
បន្ទាប់ពីកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិត លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានបន្តជួបសំណេះសំណាលជាមួយលោកយាយ លោកតា និងប្រជាពលរដ្ឋចំនួន៧០៩នាក់ ដែលអញ្ជើញមកទទួលសេវាសុខភាពដោយឥតគិតថ្លៃ នៅមណ្ឌលសុខភាពពាមរាំង ស្ថិតក្នុងឃុំពាមរាំង។ ក្នុងនោះអ្នកពិនិត្យព្យាបាលជំងឺទូទៅ៣៥០នាក់, អ្នកពិនិត្យ ព្យាបាលភ្នែក និងទទួលវែនតា២៦២នាក់ និងអ្នកពិនិត្យ ព្យាបាលត្រចៀក ច្រមុះ បំពង់ក៩៧នាក់។
សូមបញ្ជាក់ថា នេះជាលើកទី៥ ដែលក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពាមរាំង ដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានរៀបចំការផ្តល់សេវាសុខភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំពាមរាំង ដែលសរុបទាំង៥លើកនេះ បានដល់ប្រជាពលរដ្ឋសរុបចំនួន២.០៤៣នាក់។
លោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់មានក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំពាមរាំង និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានរៀបចំជាបន្តបន្ទាប់នូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ៕