(ភ្នំពេញ)៖ គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញបំពេញទស្សនកិច្ចការងារមកកាន់ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិន ដឹកនាំដោយលោក ហ្សាង រួយជុន (Mr. ZHANG Ruijun) អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ រដ្ឋបាលមុខងារសាធារណៈជាតិចិន និងប្រតិភូអមដំណើរ បានអញ្ជើញមកក្រសួងមុខងារសាធារណៈនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បន្ទាប់ពីបានជួបពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈកម្ពុជា រយៈពេលពេញមួយថ្ងៃ។
ក្រៅពីទស្សនកិច្ចនៅក្រសួងមុខងារសាធារណៈរួចមក គណៈប្រតិភូរដ្ឋបាលមុខងារសាធារណៈជាតិចិន ក៏បានបន្តទស្សនកិច្ចទៅកាន់មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ កាលពីថ្ងៃទី២០-២១ ខែមិថុនានេះផងដែរ។
ជាលទ្ធផលនៃទស្សនកិច្ច ភាគីចិនបានយល់ស្របលើសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មាន (ICT) ដំណាក់កាលទី២ ដែលបានផ្តោតសំខាន់លើការផ្តល់ជំនួយជាឧបករណ៏សម្ភារៈបច្ចេកទេសព័ត៌មានវិទ្យាសម្រាប់តភ្ជាប់ទៅកាន់គ្រប់ក្រសួង-ស្ថាប័ន និងថ្នាក់ក្រោមជាតិ ការបណ្តុះបណ្តាលបច្ចេកទេសនានា និងការជំរុញកាន់តែខ្លាំងក្លាបន្ថែមទៀតនូវការអនុវត្តសកម្មភាពសហប្រតិបត្តិការជាក់ស្តែង មានជាអាទិ៍៖ ការរៀបចំទស្សនកិច្ច ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងស្ថាប័នក្នុង
វិស័យមុខងារសាធារណៈ។
ជាចុងបញ្ចប់នៃការបំពេញទស្សនកិច្ចការងារ ភាគីចិនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមិត្តភាពដ៏ស្អិតរមួតនៃប្រទេសទាំងពីរ ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីនេះ ឱ្យកាន់តែរីកចម្រើនទៅមុខដើម្បីបន្តពង្រឹងកាន់តែខ្លាំងក្លានូវវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរ និងជាការរួមចំណែកសម្រេចនូវចក្ខុវិស័យកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ៕