(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញថ្លៃព្យាបាលទាំងស្រុងជូនលោក មុំ វណ្ណា ហៅ រ៉ាម៉ន អ្នកយកព័ត៌មានរស្មីកម្ពុជា និងជាប្រធានក្រុមព័ត៌មានប្រចាំសាលារាជធានីភ្នំពេញ ដែលត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកអភិបាលរាជធានីក៏បានផ្ដាំផ្ញើដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ជួយខ្នះខ្នែងយកចិត្តទុកដាក់ចំពោះលោក មុំ វណ្ណា ផងដែរ។

ក្រុមគ្រួសាររបស់លោក មុំ វណ្ណា ក៏បានថ្លែងអំណរគុណចំពោះលោកអភិបាល ឃួង ស្រេង ដែលបានយកចិត្តទុកដាក់ និងចេញថ្លៃព្យាបាលទាំងស្រុងនេះ។

ក្រុមគ្រួសារបានបញ្ជាក់ថា «សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងឲ្យគ្រូពេទ្យមើលថែជំងឺ និងឧបត្ថម្ភថ្លៃសម្រាកព្យាបាលទាំងស្រុងដល់ខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺ (ក្អកធ្លាក់ឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្ដមអភិបាលមានសន្ដានចិត្ដដ៏ល្អ និងតែងតែគិតគូរយកចិត្ដទុកដាក់ពីសុខទុក្ខកូនចៅគ្រប់ពេលវេលា»

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន លោក មុំ វណ្ណា មានបញ្ហាសួតរហូតក្អកធ្លាក់ឈាម ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕