(បាត់ដំបង)៖ លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្នុងរចនាសម្ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្នគោលចំនួន៨២៥នាក់ ក្នុងបរិវេណសាលាស្រុកថ្នគោល នាពេលព្រឹក និងពេលរសៀល នៅក្រុងបាត់ដំបងចំនួន៥៩០នាក់ នៅក្នុងបរិវេណមហោស្រពស្ទឹងសង្កែ សរុបរួមចំនួន១៤១៥នាក់។
នៅក្នុងពិធីនោះ លោកប្រធានបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ស សុខា អនុសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងបានលើកឡើងពីសមិទ្ធផលរបស់ ស.ស.យ.ក.ខេត្ត រយៈពេល៧ឆ្នាំ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិរយៈកាលកន្លងទៅនេះ។
លោក ស រដ្ឋ ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គ្រួសារ ស.ស.យ.ក.ខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ថវិកា សម្ភារៈ និងសាមគ្គីគ្នាជាធ្លុងមួយ ជាខ្មែរតែមួយ ទើបស.ស.យ.ក.ខេត្ត អាចសម្រេចបាននូវសមិទ្ធផលជាច្រើនកន្លងមកនេះ និងសំណូមពរដល់សមាជិក សមាជិកាបន្តការចូលរួមជាមួយ ស.ស.យ.ក.ខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការអភិវឌ្ឍជាតិ មាតុភូមិ និងបានសំណូមពរឱ្យសមាជិកដែលគ្រប់អាយុបោះឆ្នោតទៅបោះឆ្នោតឲ្យយបានគ្រប់គ្នា និងជំរុញក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទៅបោះឆ្នោតដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍបន្តទៀត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំខាន និងគ្រប់ៗគ្នា។
ក្នុងនោះផងដែរ សមាជិក សមាជិកាទាំង១៤១៥នាក់ ដែលចូលរួមកម្មវិធីនាឱកាសនោះទទួលបានថវិកាមួយចំនួន ដែលជាប្រាក់ឧបត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រីផងដែរ៕