(សៀមរាប)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិត ចំនួនជាង១ពាន់អង្គ /នាក់  នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សាខាខេត្តសៀមរាប។

អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតនៅសាកលវិទ្យាល័យន្ទ្រវិជ្ជា និងបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង, សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលបានរួមចំណែក លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ជួយក្នុងកិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ និងចក្ខុវិស័យរួមសម្រាប់កម្ពុជា។

ទាំងក្នុងស្ថានភាពបច្ចុប្បន្ន និងតទៅអនាគត យុវជន គឺនៅតែជាកម្លាំងស្នូលក្នុងការចូលរួមកសាងប្រទេស ដើម្បីប្រាប់ពិភពលោកថា កម្ពុជាកាលពីពេលមុន ដែលអន្តរជាតិតែងស្គាល់ថា ជាទឹកដីនៃជម្លោះបែកបាក់ គឺបានប្រែមុខមាត់ប្តូរមកជាកោះសន្តិភាព ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

អ្នកឧកញ៉ាបណ្ឌិត បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ និងតាមរយៈគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំ និងវិស័យផ្សេងៗទៀតក្នុងទូទាំងប្រទេសមិនអាចនឹងគណនាបាន។

អ្នកឧកញ៉ាបណ្ឌិត បានជម្រុញដល់សមណនិស្សិត និស្សិត ខិតខំរៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ល្អៗពីសាស្ត្រាចារ្យនិងវាគ្មិនជំនាញៗដើម្បីបណ្តុះនូវគុណវុឌ្ឍ ពង្រឹងសមត្ថភាព ព្រោះថានិស្សិតជាយុវជនមានតួនាទីត្រូវបន្តវេនរួមចំណែកអភិវឌ្ឍសង្គមជាតិបន្តពីរៀមច្បង តាមរយៈការខិតខំប្រឹងប្រែងក្នុងការរៀនសូត្រលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌ សីលធម៌ ចរិយាធម៌ និងត្រូវចេះស្គាល់គុណ ស្គាល់ទោស ស្គាល់ល្អអាក្រក់ និងគោរពដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំប្រទេស គោរពចាស់ព្រឹទ្ឋាចារ្យដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយ  ឱ្យស័ក្តិសមជាប្រជាជាតិដែលមានអរិយធម៌ វប្បធម៌រុងរឿងត្រចះត្រចង់ ដូចក្នុងសម័យអង្គរនៃយើង ។

ផ្អែកតាមរបាយការណ៍របស់ សាស្ត្រាចារ្យ បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានបញ្ជាក់ថា សាកលវិទ្យាល័យ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលតាមអនុក្រឹត្យលេខ៣០អនក្រចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្នសាកលវិទ្យាល័យមាន៤ទីតាំង នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តកំពត និងបានធ្វើការបណ្តុះបណ្តាលនៅគ្រប់កម្រិត ដូចជា ការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

គិតមកដល់ពេលនេះ មាននិស្សិតដែលបានបញ្ចប់ការសិក្សាចំនួនជាង២ពាន់អង្គ/នាក់ ហើយកំពុងបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន៕