(ភ្នំពេញ)៖ ផ្លូវក្រួសក្រហម២២ខ្សែ ដែលស្ថិតនៅក្នុងខេត្តចំនួន៣ រួមមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ប្រវែង៣១១គីឡូម៉ែត្រ នឹងត្រូវប្តូរទៅជាផ្លូវកៅស៊ូ ២ជាន់។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើគម្រោងកែលម្អូផ្លូវជនបទជំហានទី២ នៅក្នុងខេត្តទាំងនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ រវាងលោក សួស គង់ រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោង ជាមួយតំណាងក្រុមហ៊ុនទទួលការសាងសង់ Hanshing Engineering and Construction របស់កូរ៉េខាងត្បូង។

ផ្លូវដែលត្រូវកែលម្អ ពីក្រាលក្រួសក្រហម ទៅជាក្រាលកៅស៊ូពីរជាន់នេះ មានប្រវែង៣១១គីឡូម៉ែត្រ ចំនួន២២ខ្សែដែលស្ថិតនៅក្នុងខេត្តចំនួន៣ រូមមានខេត្តពោធិ៍សាត់ មានចំនួន១០ខ្សែស្មើ ១២៥,៥គីឡូម៉ែត្រ ខេត្តបាត់ដំបង មានចំនួន៧ខ្សែស្មើ៩៥គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ចំនួន៥ខ្សែស្មើ៩៨គីឡូម៉ែត្រ ហើយការចាប់ផ្តើមសាងសង់ បន្ទាប់ចុះហត្ថលេខានេះរួច៕