(កណ្ដាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល បានបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា ក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងក្រុម ស.២៦ ស.២៧ ប្រមាណជិត១,៤០០នាក់ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល។

លោក វង្សី វិស្សុត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលកំពុងបំពេញការងារ ក្នុងវិស័យអប់រំ សុខាភិបាល និងក្រុម ស.២៦ ស.២៧ ទាំងអស់ និងការអរគុណរបស់សម្តេចទាំងទ្វេ ជូនចំពោះពលរដ្ឋទាំងអស់ ដែលតែងផ្តល់ការគាំទ្រដល់ការដឹកនាំរបស់សម្តេចតេជោ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក តាមរយៈកំណើននៃសន្លឹកឆ្នោតគាំទ្រ ដែលមានការកើនឡើងជាលំដាប់។
លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់សមាជិកទាំងអស់ ពិសេសគ្រូបង្រៀន និងគ្រូពេទ្យ ដែលជាអ្នកផ្តល់សេវាសាធារណៈដ៏ចាំបាច់បំផុត និងដោយផ្ទាល់ដល់ប្រជាពលរដ្ឋ ហើយមានឥទ្ធពលដល់សតិអារម្មណ៍ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

លោក វង្សី វិស្សុត បានបន្តថា ក្នុងរយៈពេល៥ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់នូវវិបត្តិបញ្ហាប្រឈម និងការលំបាកស្មុគស្មាញជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩, បញ្ហាជំលោះភូមិសាស្រ្តនយោបាយ, ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក, អតិផរណា, ថ្លៃប្រេង និងស្បៀងអាហារ ព្រមទាំងសង្រ្គាមនៅអ៊ុយក្រែន ដែលកំពុងនាំពិភពលោកទៅដល់មាត់ជ្រោះនៃវិបត្តិជាអន្តរជាតិ។ ក៏ប៉ុន្តែកម្ពុជានៅអាចឈរជើងបានយ៉ាងរឹងមាំ, មានភាពធន់ខ្ពស់ និងរក្សាបាននូវប្រក្រតីភាពនៃលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងដំណើរការអភិវឌ្ឍប្រទេសជាធម្មតា ជាពិសសកម្ពុជាបានងើបឡើងវិញខ្លាំងជាងគេ។ ជោគជ័យដ៏ត្រចះត្រចង់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការដោះស្រាយផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ច-សង្គមកម្ពុជា ពិសេសការជួយទ្រទ្រង់អាជីវកម្មដែលទទួលរងផលប៉ះពាល់ និងការរក្សាលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះ, បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងទទួលស្គាល់ ដោយបានផ្តល់នូវចំណាត់ថ្នាក់ដ៏ខ្ពស់បំផុតដល់កម្ពុជា។ ជាមួយនេះ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, ព្រឹត្តិការណ៍អង្គរសង្រ្កាន និងការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្កេម-ប៉ារ៉ាហ្កេមឆ្នាំ២០២៣នេះ មិនត្រឹមតែបានធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន មានមោទភាពយ៉ាងពិតប្រាកដចំពោះជាតិខ្មែរ និងចំពោះខ្លួងឯងជាខ្មែរ និងបានធ្វើឱ្យព្រលឹងជាតិខ្មែរស់ឡើងវិញ បន្ទាប់ពីបាត់បង់អស់រាប់រយឆ្នាំ។

លោក វង្សី វិស្សុត បន្តទៀតថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤៤ឆ្នាំ បន្ទាប់ពីបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងកសាងប្រទេសពីបាតដៃទេ ជាពិសេសក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការសម្រេចបាននូវសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោហ៊ុន សែន, កម្ពុជាទទួលបាននូវការអភិវឌ្ឍរីកចម្រើន នឹកស្មានមិនដល់យ៉ាងពិតប្រាកដ និងមិនអាចបដិសេដបាន ហើយប្រជាជនមានការប្រែប្រួលជីវភាព កាន់តែប្រសើរឡើង ពោលគឺមិនមែនចេះតែក្រទៅៗនោះទេ។

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី បន្ទាប់ពីត្រូវបាត់បង់អស់រយៈពេលជាង ៥០០ឆ្នាំ ឱ្យស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ, មានព្រះមហាក្សត្រតែមួយអង្គ, កងទ័ពតែមួយ និងរដ្ឋាភិបាលតែមួយ។ ដំណើរឈានឡើងរបស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ គឺបានគូសបញ្ជាក់អំពីគុណតម្លៃនៃសន្តិភាព និងភាពហិនហោចដោយ សារសង្រ្គាម និងការបែកបាក់គ្នារវាងខ្មែរនិងខ្មែរ ដោយមានការជ្រៀតជ្រែកពីបរទេស ដែលធ្វើកម្ពុជាត្រូវដើរថយក្រោយ និងត្រូវខំងើបឡើងវិញពីចំណុចសូន្យ។ ដូចនេះ សមាជិកសមាជិកាគណបក្សទាំងអស់ ត្រូវចូលរួមការពារសន្តិភាព, ឯកភាពជាតិ, ឯករាជ្យភាព, បូរណភាពទឹកដី និងការអភិវឌ្ឍ ព្រមទាំងព្រលឹងជាតិខ្មែរ កុំឱ្យបាត់បង់។

លោក វង្សី វិស្សុត បន្តទៀតថា គ្មានគណបក្សនយោបាយណាមួយ អាចមកប្រៀបផ្ទឹម ឬជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ។ ការស្រលាញ់ពេញចិត្តរបស់ប្រជាជនដ៏លើសលប់ ជាពិសេសបងប្អូនកម្មករនិយោជិត ចំពោះសម្តេចតេជោ ហ៊ុន សែន និង ការផ្តល់ក្តីសង្ឃឹមដ៏ខ្ពស់របស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ពិសេសស្រទាប់យុវជនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខភាពបន្តនាពេលអនាគត គឺជាប្រៀបឈ្នះនាំមុខរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣នេះ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសរយៈពេលវែងតទៅមុខទៀត។

លោកបានបន្តថា ការបន្តវេនរបស់លោកបណ្ឌិត ហ៊ុន ម៉ាណេត គឺជាការផ្ទេរនូវកិច្ចអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រទេសជាតិ សម្រាប់រយៈពេលវែងតទៅមុខទៀត។

លោក វង្សី វិស្សុត បន្តដែរថា គណបក្សប្រជាជនកម្ពុជានឹងបន្តយកចិត្តដាក់ខ្ពស់ក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាព ក្នុងរយៈពេល២៥ឆ្នាំតទៅមុខទៀត ដើម្បីឱ្យកម្ពុជាអាចក្លាយជាប្រទេសចំណូលខ្ពស់ ទន្ទឹមនឹងការបន្តដោះស្រាយបញ្ហាជីវភាពប្រជាជន ពិសេសអ្នកក្រីក្រ និងងាយរងគ្រោះ ក៏ដូចជាការបន្តកែទម្រង់ ដើម្បីដោះស្រាយចំណុចទន់ខ្សោយខ្វះខាតទាំងឡាយ និងបញ្ហាអយុត្តិធម៌សង្គម។ ដូចនេះ ក្នុងនាមជាសមាជិកគណបក្ស, យើងត្រូវចូលរួមខំដោះស្រាយ និងកែលំអរនូវអ្វីដែលនៅទន់ខ្សោយខ្វះខាត ដើម្បីខ្លួនឯងផង និងដើម្បីគណបក្សផង។ យើងត្រូវមើលព្រៃទាំងមូល កុំមើលដើមឈើតែមួយដើម ពោលគឺយើងមិនត្រូវថ្នាំងថ្នាក់នឹងចំណុចអសកម្ម ឬចំណុចខ្វះចន្លោះណាមួយ ហើយរត់ចូលបក្សប្រឆាំងនោះទេ។ យើងត្រូវចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីជាតិយើង, ដើម្បីគណបក្សយើង និងដើម្បីសហគមន៍មូលដ្ឋានភូមិឃុំយើង និងក្រុមគ្រួសារយើង ឱ្យកាន់តែរីកចម្រើនរុងរឿង និងសម្បូរសប្បាយជាលំដាប់។

លោក វង្សី វិស្សុត បានលើកទឹកចិត្តដល់សមាជិកសមាជិកាគណបក្សក្នុងវិស័យអប់រំ និងសុខាភិបាលឱ្យបន្តផ្តល់នូវសេវាអប់រំ និងសុខាភិបាល ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមុខកំពូលរបស់យើង ហើយក្រុមការងារនឹងពិនិត្យលទ្ធភាពចូលរួម ពង្រឹងគុណភាពវិស័យអប់រំ ក្នុងស្រុកមុខកំពូល ដើម្បីឱ្យទទួលបាននិន្ទេស A ឱ្យបានច្រើន។

លោក វង្សី វិស្សុត បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និងបងប្អូនទាំងអស់ សូមកុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងដើម្បីខ្លួនឯង៕