(ព្រះសីហនុ)៖ លោក ជាវ វិជ្ចាក់ អភិបាលរងខេត្តព្រះសីហនុ វេជ្ជបណ្ឌិត ហ៊ាន សុខនាង ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនថ្នាក់កណ្ដាល បានដឹកនាំ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលសួរសុខទុក្ខពិនិត្យ និងព្យាបាលជំងឺប្រជាពលរដ្ឋប្រមាណ២៥២នាក់មកពីភូមិចំនួន៣ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កម្មវិធីនេះបានរៀបចំឡើងក្នុងបរិវេណវត្តឫទ្ធីរតនារាម (វត្តកែវផុស) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
លោកអនុបណ្ឌិត សៀន ភារម្យ ជាប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ បានបញ្ជាក់អំពីសមាសភាព និងឈ្មោះរបស់សមាគម ប.ស.ប ព្រមទាំងគោលបំណងសំខាន់ៗរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ។
សមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុ កន្លងមក បានចុះធ្វើសកម្មភាពមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋតាមមូលដ្ឋានខេត្ត-រាជធានីច្រើនដងរួចមកហើយ តួយ៉ាងដូចជាសកម្មភាពកន្លងមកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ សមាគមប្រធានសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្ត បានធ្វើសកម្មភាពចុះពិនិត្យ និងព្យាបាលជំងឺទូទៅបឋមលើកទី១នៅទីលានទុកដាក់សំរាមសំណល់រឹងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ការចុះនោះជាលទ្ធផលសមាគមទទួលបានការគាំទ្រពីសំណាក់បងប្អូនកម្មករ កម្មការិនី និងជោគជ័យជាស្ថាពរ។ ហើយសំរាប់ពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមប្រឹក្សាសុខភាពប្រជាជនសាខាខេត្តព្រះសីហនុបាន ចុះសួរសុខទុកនិងពិនិត្យជំងឺសិក្សាអំពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិចំនួន៣ ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ចំនួន២៥២នាក់ ប្រុសចំនួន៧៧នាក់ ស្រ្តីចំនួន១៦២នាក់និងកុមារចំនួន១៣នាក់។ ក្នុងនោះក្រុមការងារសមាគមប្រឹក្សាសុខភាពរួមមាន៖ លោកអនុបណ្ឌិត សៀន ភារម្យ លោកវេជ្ជបណ្ឌិត សួន ហេង លោកស្រី កែវ សៅរី។ ក្នុងឱកាសនេះ ក្រុមគ្រូពេទ្យក៏បាន នាំយកថវិកាមួយចំនួន ប្រគេនព្រះសង្ឃក្នុងវត្តឫទ្ធីរតនារាម (វត្តកែវផុស) ឃុំអូរត្រេះផងដែរ។
លោក ជាវ វិជ្ចាក់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទឹងហាវ បានលើកឡើងថា ដោយមើលឃើញនូវសក្តានុពលរីកចម្រើន និងមានការអភិវឌ្ឍឆាប់រហ័សរបស់ស្រុក លោកក៏បានគិតគូរអំពីសុខុមាលភាពទូទៅរបស់ប្រជាជន ដែលពួកគាត់កំពុងប្រឈម ព្រោះថារដូវកាលនេះជារដូវវស្សាមានភ្លៀងធ្លាក់គ្រប់ទីកន្លែង ដែលជាហតុបង្កឲ្យមានជំងឺ ផ្តាសាយ ជំងឺគ្រុនឈាមជាដើម។ល។ ក្នុងនោះដែរ អ្វីដែលជាបំណងរបស់សមាគមចុះមកទីនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយអប់រំបង្ការ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋសហគមន៍នៅក្នុងឃុំកែវផុស។
គួរបញ្ជាក់ថា កម្មវិធីចុះពិនិត្យជំងឺនាព្រឹកនេះ ផ្តោតទៅលើជម្ងឺរួមមានដូចជា ជំងឺមាត់ធ្មេញ, ជំងឺរោគស្តី, ជំងឺគ្រុនផ្តាសាយ, ជំងឺទឹកនោមផ្អែម, ជំងឺក្រពះពោះវៀន, ជំងឺលើសសំពាធឈាម, ជំងឺរោគកុមារ, ជំងឺភ្នែក, ជំងឺសើស្បែក (ច្រើនកើតនៅរដូវវស្សា) ជំងឺច្រមុះ ត្រចៀក បំពងក, ជំងឺរលាកសន្លាក់ និងជំងឺផ្សេងៗទៀត។
ជាមួយគ្នានេះ លោក ជាវ វិជ្ចាក់ បានថ្លែងអំណរអរគុណជូនចំពោះលោកអភិបាលស្រុក លោកអភិបាលរងស្រុក និងលោកមេឃុំកែវផុសព្រមទាំងលោកប្រធានមណ្ឌល និងសហការីដែលបានចំណាយពេល វេលាដ៏មានតម្លៃជួយសម្របសម្រួលផ្ដល់នូវទីតាំង ធ្វើពិធីនាថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នាពេលនេះ ដើម្បីសិក្សាអំពីសុខុមាលភាពនិងពិនិត្យជំងឺទូទៅជូនប្រជាជនក្នុងឃុំកែវផុស។ សូមជួនពរថ្នាក់ដឹកនាំស្រុក ឃុំ និងមណ្ឌលសុខភាពកែវផុសសូមទទួលបាននូវសុខភាពល្អការងារជោគជ័យគ្រប់ភារកិច្ច៕