(កំពង់ឆ្នាំង)៖ មួយរយៈនេះនៅខេត្តកំពង់ឆ្នាំង នៅតែមានជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសយកគ្រឿងចក្រ ឈូសឆាយទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចមមាញឹកក្នុងការការពារ និងទទួលថ្នាក់ដឹកនាំ ដែលចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងកម្មករកម្មការិនីនៅតាមមូលដ្ឋាន។
សកម្មភាពរបស់ជនខិលខូចមួយចំនួនតូចខាងលើនេះ គឺពួកគេបានធ្វើសកម្មភាព ដូចជាការយកគ្រឿងចក្រមកលួចឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងការធ្វើសកម្មភាពជីកកកាយដីរបស់រដ្ឋ ដោយពុំមានច្បាប់ទម្លាប់ត្រឹមត្រូវជាដើម។
ជាក់ស្ដែងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះដែលមានប៉ូលីសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល និងការដឹកនាំផ្ទាល់ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានចុះធ្វើការបង្ក្រាបបទល្មើសប្រើគ្រឿងចក្រ ជីកកកាយដីតំបន់២ មិនមានច្បាប់១កន្លែង ស្ថិតនៅភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះផងដែរ លោកព្រះរាជអាជ្ញាក៏បានបញ្ជាឲ្យយកគ្រឿងចក្រ (Excavator) មួយគ្រឿង និងរថយន្តដឹកគ្រឿងចក្រមួយគ្រឿង មកកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ថែមទាំងបានបញ្ជាឲ្យតាមស្រាវជ្រាវចាប់ខ្លួនតៃកុងគ្រឿងចក្រ (Excavator) ដែលបានប៉ុនប៉ុងរារាំងការអនុវត្តច្បាប់ របស់សមត្ថកិច្ចយកទៅកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការទៀតផង។
ដោយឡែកកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចចម្រុះក៏ចាប់ឃាត់បានត្រាក់ទ័រចំនួន ២គ្រឿង និងមនុស្ស៣នាក់ដែលធ្វើសកម្មភាពឈូសឆាយរុករានទន្ទ្រានដីតំបន់បី ដែលជាដីរបស់រដ្ឋ ហើយត្រូវបានការពារដោយច្បាប់ និងជាតំបន់ហាមឃាត់មិនឱ្យមានការរុករានទន្ទ្រានជាដាច់ខាត ដែលទីតាំងដីត្រូវបានគេលួចឈូសឆាយទន្ទ្រានខាងលើនេះ ស្ថិតនៅក្នុងចំណុចឃុំពាមឆ្កោក ស្រុកជលគិរី។
ពាក់ព័ន្ធនឹងករណីដែលនៅតែមានការរំលោភបំពានយកដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិ និងការលួចយកគ្រឿងចក្រជីកកកាយដីរបស់រដ្ឋ (ដីតំបន់២) ដោយគ្មានច្បាប់ទម្លាប់ពីសំណាក់ជនខិលខូចមួយចំនួនទាំង ២ទីតាំងខាងលើនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ករណីទីមួយពាក់ព័ន្ធនឹងការយកគ្រឿងចក្រ (Excavator) ជីកកកាយដីតំបន់២ ដោយគ្មានច្បាប់ទអនុញ្ញាតនោះ គឺខាងមន្ត្រីជំនាញរបស់លោកគ្រាន់តែបានធ្វើការពិន័យអន្តរការតាមមាត្រា៩៦ ដែលមានចែងនៅក្នុងច្បាប់ គឺពិន័យចំនួន ៥លានរៀល នឹងបានធ្វើការអប់រំណែនាំដល់ម្ចាស់គ្រឿងចក្រ ហើយអនុញ្ញាតឱ្យត្រឡប់ទៅវិញផងដែរ។
ចំណែកករណីទី២ ពាក់ព័ន្ធនឹងការចាប់ឃាត់ត្រាក់ទ័រចំនួន ២គ្រឿង ដែលបានធ្វើសកម្មភាពឈូសឆាយទន្ទ្រានដីរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនខាងលើនេះ លោក លី ឡា ក៏បានបញ្ជាក់ប្រាប់ថា ករណីនេះលោកបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូន ទៅតុលាការអស់ហើយ ចំណែកទីតាំងដីដែលពួកគេចូល ទៅឈូសឆាយទន្រ្ទាននោះ គឺជាដីវាលហើយជាដីតំបន់២ រីឯគ្រឿងចក្រទាំងពីរគ្រឿង បច្ចុប្បន្នកំពុងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមឆ្កោក។
ជុំវិញករណីខាងលើនេះផងដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឲ្យដឹងផងដែរថា ករណីដែលក្រុមចំរុះចាប់យកគ្រឿងចក្រ ដែលធ្វើសកម្មភាពជីកកកាយស្រះយកអាចម៍ដី នៅចំណុចភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ កំហុសគឺបណ្ដាលមកពីម្ចាស់គ្រឿងចក្រ ធ្វើសកម្មភាពជីកកកាយ ដោយមិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោកក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតដែរថា ការយកគ្រឿងចក្រជីកកកាយធ្វើជាស្រះ ឬដឹកអាចម៍ ដីមិនថា ដីភូមិឬក៏ដីតំបន់២ដែលពួកគាត់ធ្លាប់អាស្រ័យផលនោះទេ គឺតម្រូវឲ្យសុំអនុញ្ញាតច្បាប់ឲ្យបានត្រឹមត្រូវ មុននឹងយកគ្រឿងចក្រមកជីកកាយ ចំណែកឯការជិះស្រះ ឬក៏ធ្វើអ្វីផ្សេងៗមានទំហំត្រឹមតែ ២ម៉ឺនម៉ែត្រការ៉េចុះក្រោម អាចសុំច្បាប់អនុញ្ញាតត្រឹមខេត្តក៏អាចធ្វើបានដែរ។ រីឯទំហំ២ម៉ឺនម៉ែត្រការ៉េឡើងទៅ គឺតម្រូវឲ្យសុំការអនុញ្ញាតច្បាប់ពី ក្រសួងទើបអាចធ្វើបាន ចំណែកករណីខាងលើនេះ ខាងជំនាញត្រឹមតែបានធ្វើការផាកពិន័យអន្តរការតែប៉ុណ្ណោះ។ ចំពោះគ្រឿងចក្រខាងលើនេះ បើតាមលោកដឹង គឺធ្វើការពិន័យអន្តរការរួចហើយ ចំនួនទឹកប្រាក់ ៧លានរៀល មិនមែន៥លានរៀលនោះទេ។
ដោយឡែកករណីទី២ ការចាប់ឃាត់ត្រាក់ទ័រ២គ្រឿង និងមនុស្ស៣នាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលពួកគេបានលួចចូលឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋ នៅចំណុចឃុំពាមឆ្កោក ស្រុកជល់គីរីខាងលើនេះ ដីនោះមិនមែនជាដីតំបន់២នោះទេ គឺជាដីតំបន់៣ ដែលជាតំបន់ដីព្រៃលិចទឹក ហើយត្រូវបានការពារដោយច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនអាចបណ្ដែតបណ្ដោយឱ្យជនណាម្នាក់ ចូលទៅឈូសឆាយរំលោភបំពានបានឡើយ ចាប់បានត្រូវតែយកមកអនុវត្តទោសតាមផ្លូវច្បាប់ជាដាច់ខាត។
ករណីការចាប់ឃាត់ត្រាក់ទ័រ២គ្រឿង និងមនុស្ស៣នាក់ពីឃុំពាមឆ្កោក ស្រុកជល់គីរីខាងលើនេះផងដែរ មន្ត្រីជំនាញរបស់លោកក៏បានកសាងសំណុំរឿងបញ្ជូន ទៅតុលាការកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ រួចហើយដែរ តែបើតាមលោកដឹងមនុស្សទាំង៣នាក់នោះ ឥឡូវនេះត្រូវបានអនុញ្ញាតឱ្យត្រឡប់ ទៅលំនៅដ្ឋានវិញហើយ ចំណែកត្រាក់ទ័រទាំង ២គ្រឿងបច្ចុប្បន្នកំពុងរក្សាទុកនៅសង្កាត់រដ្ឋបាលជលផលពាមឆ្កោកនៅឡើយ ករណីនេះចំណាត់ការបន្តបែបណានោះ លោកក៏មិនដឹងដែរ អាស្រ័យទៅលើនីតិវិធីរបស់តុលាការ។
សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តតាមបទបញ្ជា ដោយត្រូវល្បាតឃ្លាំមើល និងការពារឱ្យបានដាច់ខាតនូវធនធានធម្មជាតិ ក្រែងមានជនឆក់ឱកាសមួយចំនួនឆ្លៀតឱកាសដែលអាជ្ញាធរ និងសមត្ថកិច្ចកំពុងមមាញឹក ក្នុងការការពារនិងរៀបចំការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនីតិកាលទី៧ ហេតុនេះមន្ត្រី និងអាជ្ញាធរថ្នាក់មូលដ្ឋានត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕