(ព្រៃវែង)៖ ប្រតិភូផ្នែកឃោសនាអប់រំ ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានសួរសុខទុក្ខលោក ផង់ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅខេត្តព្រៃវែង។

លោក ចាយ បូរិន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ផង់ សារ៉េត និងក្រុមគ្រួសារ។

លោក ផង់ សារ៉េត បានថ្លែងថា គ្រួសារលោក ពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខលោក និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោកបានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ដើម្បីធានារក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត។

លោកក៏បានសម្តែងនូវមនោសញ្ចេតនាត្រេកអរ និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយលោកក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ៖

១- ខិតខំកសាងពង្រឹង និងអភិវឌ្ឍសមត្ថភាព ថែទាំសុខភាព ដើម្បីជួយគណបក្ស។

២-ធ្វើការដោយសាមគ្គី សហការ និងឯកភាពគ្នាដើម្បីសម្រេចកិច្ចការ និងជោគជ័យរួម។

៣-ចូលរួមប្រកួតប្រជែងយកប្រៀបឈ្នះ និងការពារសមិទ្ធផលវិជ្ជមានដ៏ច្រើនលើសលប់ ហើយខ្ញុំសង្ឃឹមថា នឹងបន្តការរីកចម្រើនបន្ថែមទៀត។

លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានចូលបម្រើការងារនៅមន្ទីររដ្ឋ នៅខុទ្ទកាល័យក្រុមប្រឹក្សារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្នុង និងក្រៅប្រទេស ជាឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅអតីតប្រទេសឆេកូស្លូវ៉ាគី និងប្រទេសហុងគ្រី ជារដ្ឋលេខាធិការក្រសួងធនធានទឹក ជាតំណាងរាស្ត្រខេត្តព្រៃវែង បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។

លោកប្រធានប្រតិភូ បានសម្តែងការកោតសសើរចំពោះការលះបង់កម្លំាងកាយចិត្ត និងបទពិសោធន៍យ៉ាងច្រើនរបស់លោក ផង់ សារ៉េត ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជាការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក៕