(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយនាយក/នាយករងវិទ្យាល័យ និងលោកគ្រូ/អ្នកគ្រូ មកពីវិទ្យាល័យនានានៅស្រុកបារាយណ៍ និងស្រុកតាំងគោកសរុប២២៨រូប។

នាឱកាសនោះ លោកប្រធានបានរំឭកអំពីដំណើរកសាងជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលចាប់ផ្ដើមតាំងបាតដៃទទេ បន្ទាប់ពីផ្ដួលរលំរបបខ្មែរក្រហម ឆ្នាំ១៩៧៩ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន ក្នុងនោះវិស័យអប់រំ ក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងសំខាន់បំផុត ពីសំណាក់រាជរដ្ឋាភិបាល។
តាមរយៈនេះប្រាក់បៀវត្សគ្រូបង្រៀន ក៏ត្រូវបានដំឡើងជាបន្តបន្ទាប់ តួយ៉ាងនៅឆ្នាំ២០២២ ប្រាក់បៀវត្សគ្រូបង្រៀនត្រូវបានដំឡើដល់ចំនួន ១,២៧២,៥០០រៀល និងបន្តដំឡើងដល់ប្រមាណ ១,៤០០,០០០រៀល ចាប់ពីខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើងអំពីភូមិ​សាស្ត្រនយោបាយ និងសភាពការណ៍ពិភពលោកដែលកើតឡើងនាពេលថ្មីៗនេះ ដូចជាវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកើតឡើងដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ខណៈកម្ពុជាមានជំហរគាំទ្រឱ្យភាគីជម្លោះបញ្ចប់សង្គ្រាម បង្កើតសន្តិភាពឱ្យពិភពលោកឡើងវិញ ដើម្បីពិភពលោករួចផុតពីវិបត្តិ និងរស់នៅសុខសាន្តទាំងអស់គ្នា។

លោកបានបន្តពន្យល់អំពីមាគ៌ានយោបាយដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលខិតខំលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ តួយ៉ាងតាមរយៈជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលសុទ្ធតែបានផ្សព្វផ្សាយ ពីមុខមាត់របស់កម្ពុជា ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។

លោកប្រធាន ថោង ខុន ក៏បានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមថែរក្សាការពារសន្តិភាព និងសមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនបានខិតខំកសាងកន្លងមកក្ដី ពេលបច្ចុប្បន្នក្ដី និងចូលរួមចំណែកក្នុងការកសាង នៅពេលខាងមុខទៀត ដើម្បីឱ្យមូលដ្ឋានមានសមិទ្ធផលគាំទ្រប្រកបដោយភាពសម្បូរបែប។

អ្វីដែលលោក ថោង ខុន ចង់ស្នើដល់លោកគ្រូអ្នកគ្រូនៅមូលដ្ឋានស្រុកទាំងពីរនេះ គឺកុំជឿតាមការញុះញង់បំបែកបំបាក់ របស់ក្រុមប្រឆាំង ឬក្រុមអគតិមួយចំនួនតូច ដែលផ្សព្វផ្សាយបំភ្លៃវាយប្រហារ មកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជន ហើយសូមថ្លឹងថ្លែងមើលតាមភាពជាក់ស្ដែង ដែលកំពុងកើតមាននៅមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅក្នុងប្រទេសទាំងមូល។

លោកក៏មិនភ្លេចអំពាវនាវដល់លោកគ្រូអ្នកគ្រូបន្តអប់រំណែនាំ និងបង្ហាត់បង្រៀនសិស្សឱ្យក្លាយជាសិស្សល្អ សិស្សពូកែ សិស្សគំរូ និងក្លាយជាទំពាំងស្នងឫស្សីប្រកបដោយថាមពល និងសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងសម្បូររុងរឿងថែមទៀត។

ម្យ៉ាងទៀត ចំពោះលោកគ្រូអ្នកគ្រូកុំភ្លេចត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលំដាប់លេខរៀងទី១៨ ដើម្បីគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

នាឱកាសនោះដែរ លោក ថោង ខុន និងក្រុមការងារគណបក្ស ក៏បានចែកជូនអំណោយកំដរដៃជូនលោកនាយក/នាយករង លោកគ្រូ/អ្នកគ្រូទាំង២១៦រូប ដោយ១រូបៗទទួលបានសារុង១ ថវិកាចំនួន៧ម៉ឺនរៀល និងសាប៊ូកក់សក់១ដុំ (៦ដប)៕