(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជួបពិភាក្សារកដំណោះស្រាយ ជាមួយប្រជាពលរដ្ឋរស់នៅបុរី វីអាយភី (VIP) ក្រោយពីមានបុគ្គលមួយក្រុម បានចុះវាស់វែង និងបាញ់ថ្នាំទៅលើលំនៅឋានផ្ទះល្វែងរបស់ពួកគាត់ចំនួន៥ល្វែង នៅក្នុងបុរី VIP ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាមួយនឹងការបង្ខំឱ្យពួកគាត់ចាកចេញ។
ការពិភាក្សារកដំណោះស្រាយរបស់លោក ឃួង ស្រេង ជាមួយប្រជាពលរដ្ឋ តំណាងឲ្យប្រជាពលរដ្ឋមានបញ្ហាជាមួយក្រុមហ៊ុនបុរី VIP ជាច្រើនរូប បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋរស់នៅផ្ទះល្វែងបុរី VIP ប្រមាណ៥ល្វែង ត្រូវបានជនមួយក្រុម ចុះទៅធ្វើការវាស់វែង លំនៅដ្ឋានរបស់ពួកគាត់ និងបានបង្ខំឲ្យពួកគាត់ ចាកចេញពីបុរី VIP នេះ។ ជុំវិញបញ្ហានេះប្រជាពលរដ្ឋ បាននាំគ្នាមកផ្តល់ដំណឹងជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីជួយអន្តរាគមន៍ដោះស្រាយ ដោយសារតែវិមានវិវាទនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងព្យាយាមដោះស្រាយជាច្រើនលើកច្រើនសារ រួចមកហើយនោះ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ នៅព្រឹកថ្ងៃអាទិត្យទី២៥ មិថុនានេះ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម អភិបាលរាជធានីភ្នំពេញបានចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនពួកគាត់។ ជាលទ្ធផល លោក ឃួង ស្រេង បានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលត្រូវគេវាស់វែងលំនៅដ្ឋាន និងបានបង្ខំឲ្យពួកគាត់ចាកចេញពីបុរីនោះ បន្តរស់នៅជាធម្មតាវិញ ដោយរងចាំការដោះស្រាយរបស់និយ័តករ អាជីវកម្ម អចលវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋបាលរាជធានីភ្នំពេញ៕