(ឆ្លូង-ព្រែកប្រសព្វ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងមតិក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង និងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះថា «សិទ្ធិរបស់ពលរដ្ឋម្នាក់ៗ ត្រូវតែផ្សាភ្ជាប់ជានិច្ចជាមួយកាតព្វកិច្ច ឬករណីយកិច្ចរបស់ខ្លួនជាម្ចាស់ឆ្នោត ដើម្បីធានាឲ្យបានជាមូលដ្ឋានចាំបាច់ សម្រាប់ការបោះឆ្នោត ដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស និងនិតិរដ្ឋក្នុងសង្គមជាតិកម្ពុជា»។

ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ និងទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋសរុបចំនួនប្រមាណ ១៥០០នាក់បានមកជួបជុំគ្នា ក្នុងបរិវេណអនុវិទ្យាល័យព្រែកសាម៉ាន់ ស្រុកឆ្លូង និងក្នុងបរិវេណវត្តសោភណារាម ហៅវត្តសោបលើ ក្នុងឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោករដ្ឋមន្រី្ត ព្រុំ សុខា  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងគូសបញ្ជាក់ថា មនុស្សម្នាក់ៗចង់ទទួលបានសិទ្ធិ ជាមូលដ្ឋានរបស់ខ្លួនចាំបាច់ត្រូវមានករណីយកិច្ចលះបង់ខ្លះ នូវសេរីភាពផ្ទាល់ខ្លួនដែលអ្នកបា្រជ្ញប្រជាធិបតេយ្យតាំងពីយូរលង់មកហើយ ចាត់ទុកជាកិច្ចសន្យាសង្គម (Social Contract)។

ដើម្បីលិទ្ធិប្រជាធិបតេយ្យ ប្រទេសមួយចំនួនលើសកលលោក នៅតែប្រកាន់វិធានផ្លូវច្បាប់ តម្រូវឲ្យពលរដ្ឋរបស់ប្រទេសខ្លួនមានកាតព្វកិច្ច ឬករណីយកិច្ចទៅបោះឆ្នោត (Compulsory Voting) ដូចជានៅប្រទេសអូស្រ្តាលី និងបែលហ្សិក ។ល។

អតីតប្រធានាធីបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់លើកឡើងនៅក្នុងអំឡុងឆ្នាំ២០១៤ថា ដើម្បីជំរុញឲ្យអ្នកបោះឆ្នោតអាមេរិក ជាពិសេសយុវវ័យម្ចាស់ឆ្នោត ទៅចូលរួមការបោះឆ្នោតប្រជាធិបតេយ្យ តាមយោបល់លោក អូបាម៉ា គាត់ចង់កំណត់ការបោះឆ្នោត ជាកាតព្វកិច្ច (Mandatory Voting)។

ហេតុនេះដើម្បីធានាឲ្យការបោះឆ្នោតជាតិនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រកប ដោយលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ប្រជាពលរដ្ឋគ្រប់រូប ដែលមានសិទ្ធិបោះឆ្នោតត្រូវ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន ហើយសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីបន្តដឹកនាំសង្គមជាតិ ឆ្ពោះទៅកាន់អនាគតរុងរឿងក្រោមម្លប់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជនកម្ពុជា គ្រប់ជំនាន់តរៀងទៅ៕