(ភ្នំពេញ)៖ គិតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ មានរយៈពេល៣ឆ្នាំហើយ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រូសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីសម្រួលបន្ទុកជីវភាពពលរដ្ឋជាច្រើនគ្រួសារ ដែលពុំមានលទ្ធភាពរ៉ាប់រងចំណាយលើតម្រូវការជាមូលដ្ឋានរបស់ពួកគេ ដូចជា អាហារ ទឹក ឱសថ និងការទទួលបានសេវាថែទាំសុខភាព និងសេវាអប់រំជាដើម។
ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា ក្នុងរយៈពេលបីឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយគ្រោះ ក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
លោកបានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តកម្មវិធីនេះ បានផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើរ គឺបន្ទាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ធ្វើឱ្យអត្រានៃការធ្លាក់ចុះចូល ទៅក្នុងក្រីក្ររបស់ប្រជាជនកម្ពុជាមានភាពយឺតជាង ក្នុងករណីដែលកម្ពុជា មិនមានដាក់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។ ពោល ប្រសិនគ្មានការដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះទេ នឹងធ្វើឱ្យការធ្លាក់ចូលទៅក្រោមបន្ទាត់ក្រីក្រកាន់តែមានល្បឿនលឿន៕
សូមទស្សនាកិច្ចសម្ភាសលោកបណ្ឌិត ចន ណារិទ្ធ ជាមួយនឹងបណ្តាញព័ត៌មាន Fresh News ដូចតទៅ៖