(បន្ទាយមានជ័យ)៖ លោក សេរី កុសល អ្នកតំណាងរាស្រ្តខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារគណបក្សចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភូមិកូនខ្លែង និងព្រះអណ្ដូង ឃុំប៉ោចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលភូមិទាំងពីរនេះកកើតឡើងតាំងពីសម័យធ្វើសមាហរណកម្មមកម្ល៉េះ។
លោក សេរី កុសល បានពាំនាំនូវសេចក្ដីនឹករលឹកសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិទាំងពីរនេះ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។
ក្នុងឱកាសនោះ លោកអ្នកតំណាងរាស្រ្តបានលើកឡើងអំពីអនុស្សារីយ៍ដែលលោកបានមកជួយអភិវឌ្ឍភូមិទាំងពីរនេះ និងរួមគ្នាថែរក្សាការពារសន្តិភាព ភាពសុខសាន្តនៅក្នុងមូលដ្ឋាន។
លោក សេរី កុសល ក៏បានរំលឹកអំពីអតីតកាល និងភាពសំខាន់ដែលត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ គឺដោយសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាធានាការពារបាននូវរបបរាជានិយម ដែលជាកត្ដាសំខាន់ឆ្ពោះទៅរកសុខសន្ដិភាព ដើម្បីឈានទៅរកការអភិវឌ្ឍ។
លោក សេរី កុសល បានលើកពីឧបាយកលនៃអ្នកនយោបាយអគតិរបស់លោក សម រង្សី ការមិនចូលរួមបោះឆ្នោតរបស់គណបក្សភ្លើងទៀន ពន្យល់ចែកជូនប្រជាពលរដ្ឋឲ្យបានយល់ជ្រាប។
ទន្ទឹមគ្នានេះ លោក សេរី កុសល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះជាបន្តទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត។
លើសពីនោះទៀត លោកបានណែនាំឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខានឡើយ។
ក្នុងជំនួបពិភាក្សារំលឹកអនុស្សាវរីយ៍អតីតកាល និងបច្ចុប្បន្នប្រកបដោយក្តីរីករាយ និងស្និតស្នាលនេះ លោក សេរី កុសល ក៏បានរៀបចំហូបនំបញ្ចុកជាមួយបងប្អូនប្រជាពលរដ្ឋ និងប្រគេនស៉ីម៉ង់ចំនួន ៥តោនដល់វត្តប្រាសាទកូនខ្លែង, ជួយសារសង់លូរដល់ប្រជាពលរដ្ឋ ៨កង់សម្រាប់បង្ហូរទឹកចូលស្រែ, ជួយកសាងផ្លូវ១ខ្សែប្រវែង ១គីឡូម៉ែត្រ សម្រាប់ងាយស្រួលដឹកកសិផល និងផ្តល់ជូនសង្កសីចំនួន ៥០សន្លឹកដល់សហគមន៍ការពារព្រៃធម្មជាតិ៕